(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាហាណូយសំរោងអណ្ដែត» នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះ នៅមានយានយន្តហួសសុពលភាពឆៀកប្រមាណ ១៥៤ពាន់គ្រឿងទៀត មិនទាន់បានយកមកធ្វើការត្រួតពិនិត្យលក្ខណៈច្ចេកទេស ឱ្យបានត្រឹមត្រូវនោះទេ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងដូចនេះថា «រថយន្តដែលមិនទាន់បានឆៀកមាន ១៥៤ពាន់គ្រឿង ស្មើនឹង១៤% នៃរថយន្តទាំងអស់ ដូចនេះសូមសំណូមពរម្ចាស់យានយន្ត បើដឹងខ្លួនយើងហើយថា បើឡានយើងមិនទាន់បានមកឆៀកទេ អីចឹងយកមកធ្វើឆៀកឱ្យបានឆាប់រហ័ស ហើយបើសាខាហាណូយសំរោងអណ្តែតនេះជិតផ្ទះ សូមមកឆៀកផង»។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មកដល់ពេលនេះមានក្រុមហ៊ុន CMVIC មណ្ឌលផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅភ្នំពេញចំនួន ៦ទីតាំង ក្រុមហ៊ុន HK Car Inspection ១ទីតាំង ក្រុមហ៊ុន Future Automobile Inspection ១ទីតាំង ក្រុមហ៊ុន Auto Check Expert ១ទីតាំង និងក្រុមហ៊ុន So Brother Co,.ltd ១ទីតាំង សរុប មាន៩ទីតាំង សម្រាប់បំរើការផ្តល់សេវាត្រួតពិនិត្យបច្ចេកទេសយានយន្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ យករថយន្តខ្លួនដែលហួសសុពលភាព មកធ្វើការត្រួតពិនិត្យលក្ខណៈច្ចេកទេស ឱ្យបានទាន់ពេលវេលា ជៀសវាងការផាកពិន័យដោយច្បាប់ ដោយយឺតក្នុងមួយថ្ងៃ ត្រូវពិន័យ ៥០០រៀល សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញ ក្នុង១ថ្ងៃ ២០០០រៀល ដូចនេះហើយសូមប្រជាពលរដ្ឋយករថយន្ត មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទាន់ពេលវេលា ។
បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ដែលមានប័ណ្ណបើកបរដែលផុតសុពលភាព ដែលមកដល់ពេលនេះនៅមានរហូតដល់ ៣៤៩ពាន់ប័ណ្ណ ស្នើនឹង១៨ភាគរយនៃប័ណ្ណបើកបរទាំងអស់ សូមមកមកបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា ជៀសវាងរងការផាកពិន័យដោយច្បាប់។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា បញ្ហាគ្រោះថ្នាក់ចររាចរណ៍សព្វថ្ងៃនេះ បានបង្ករឱ្យមានមនុស្សស្លាប់ជាមធ្យម ៥នាក់ ក្នុងមួយថ្ងៃ របួស ១០ទៅ ១៥នាក់ក្នុងមួយថ្ងៃ ដែលកត្តាដែលបង្កឱ្យមានគ្រោះថ្នាក់ចររាចរណ៍នេះ ភាពច្រើនគឺជាកត្តាមនុស្ស ដែលបានបើកហួសល្បឿនកំណត់ដោយច្បាប់ វាជែងដោយមិនបានគោរពតាមច្បាប់ត្រឹមត្រូវ ប្រើប្រាស់គ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន អ្នកជិតម៉ូតូមិនបានពាក់មួកសុវត្ថិភាព អ្នកបើកឡាន មិនបានពាក់ខ្សែក្រវាត់សុវត្ថិភាព ក្នុងនោះក៏មានកត្តាយានយន្តខុសលក្ខណៈបច្ចេកទេសដែលបង្ករឱ្យមានគ្រោះថ្នាក់ចររាចរ និងមានកត្តាផ្លូវថ្នល់ផងដែរ៕