(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀតនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ យឹម សារ៉ាន់ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការដេញបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន៣នាក់ រហូតមានការបាញ់គំរាមមួយគ្រាប់ នៅខាងក្រោយវត្តពោធិ៍ចិនតុង សង្កាត់កាកាប។
ក្រុមចោរប្លន់ទាំងនេះ បានបាញ់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ រងរបួសទៀតផង ដោយសារតែក្រុមចោរវាយ នឹងស្នាប់កាំភ្លើង។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយមានករណីប្លន់នេះកើតឡើងភ្លាម កម្លាំងនគរបាលរបស់លោកក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ស្នងការ បានបើកការស្រាវជ្រាវ និងសើុបអង្កេតភ្លាមៗ យ៉ាងយកចិត្តទុកដាក់ រហូតនៅព្រឹកនេះ បានជួបពួកគេ ក៏ដេញបង្ក្រាបបាន៣នាក់ ដកហូតម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លីមួយដើមផងដែរ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូមួយ លើកបណ្តាលឲ្យបាត់បង់ម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅសេរីឆ្នាំ2015 ពាក់ស្លាកលេខស្វាយរៀង1H2542។
ជនរងគ្រោះឈ្មោះ
1-ឃឹម អូន ភទប្រុស អាយុ២៦ឆ្នាំ ស្រុកំណើតស្រុកបារាយខេត្តកំពង់ធំសព្វថ្ងៃ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ។ រងរបួសស្រាលដោយចោរវាយ និងស្នាប់កាំភ្លើង។
2-ខៃ ពិសិដ្ធ ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅបន្ទប់ជួលជាមួយគ្នា ពួកគេទាំង២នាក់មានមុខរបរជាកម្មកររោងចក្រ។
មុនពេលកើតហេតុជនរងគ្រោះ ធ្វើដំណើរមកពីមន្ទីរពេទ្យគន្ធបុប្ផាមើលក្មួយឈឺ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យគ្នា បួននាក់ម៉ូតូ២គ្រឿង ដែលមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតមិនស្គាល់ម៉ាកបាន ជិះតាមពីក្រោយរួចធ្វើសកម្មភាពវាយពី ក្រោយរួចបាញ់មួយគ្រាប់ឡើង លើរួចយកម៉ូតូគេចខ្លួនបាត់តែម្តង។
កាលពីយប់មិញកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញបង្ក្រាប និងចាប់បានក្រុមប្លន់ម៉ូតូពេលរាត្រីបាន២នាក់ ខណ:ដែលពួកគេ កំពុងធ្វើសកម្មភាពប្លន់ម៉ូតូ របស់ប្រជាពលរដ្ឋ នៅវេលាម៉ោង២ រំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតសង្កាត់សំរោងក្រោម។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា «មានករណីវាយប្លន់ម៉ូតូនៅសំរោងក្រោម កាលពីវេលាម៉ោង២ទៀបភ្លឺ តែកម្លាំងយើង បានឃាត់ខ្លួនជនដៃដល់បាន២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាព ដោយ ម្នាក់ទៀតពាក់ព័ន្ធ នឹងការលាក់បាំង ហើយសំរួលឲ្យជនដៃដល់ធ្វើសកម្មភាពប្លន់»។
លោកអធិការបានបញ្ជាក់ទៀតថា កម្លាំងរបស់លោក បាននិងកំពុងតាមបង្ក្រាប បក្ខពួកមួយចំនួន ដែលអាចជាប់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនេះ។ សម្រាប់ជនសង្ស័យទាំងនេះ កំពុងស្ថិតក្រោមការសួរនាំ និងចាត់វិធានការតាមនីតិវិធី៕