(ត្បូងឃ្មុំ)៖ មានសិស្សានុសិស្សចំនួន៥៤នាក់មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ខ្នារ និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រែក ព្រមទាំងនិស្សិតក្នុងខេត្តត្បូងឃ្មុំបានមកចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានធ្វើទស្សនកិច្ចទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦ ដែលរៀបចំដោយក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម។

វេទិកាថ្នាក់រៀននេះធ្វើឡើងនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់ទៅលើប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំ និងការសម្លាប់យ៉ាងរង្គាលនៅទួលពោធិ៍ជ្រៃ»។

លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំយុវជនដើរទស្សនាពិព័រណ៍រូបថតសម័យសង្គ្រាមកាលពីទសវត្សឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ រូបថតភស្ដុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេច ហ៊ុន សែន និងយុទ្ធមិត្តចំនួន៤រូបទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់។

លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) លើប្រធានបទការជម្លៀសប្រជាជនចេញពីទីក្រុង, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។

លោក ឡុង ដានី បានឱ្យដឹងថា កាលពី៤៨ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅខណៈពេលខ្មែរក្រហមមកដល់ទីក្រុងភ្នំពេញរយៈពេល២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឲ្យកងទ័ពរបស់ខ្លួនជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងនានាទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែ ក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញហើយ ដូច្នេះប្រជាជនមិនចាំបាច់យកទ្រព្យសម្បត្តិច្រើនទៅតាមខ្លួន និងចាក់សោផ្ទះទេ។ ប៉ុន្តែកាពិតខ្មែរក្រហមមិនបានអនុញាតឲ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនជម្លៀសច្រើនលើសលុបបានស្លាប់ដោយសារការសម្លាប់ ការធ្វើការងារហួសកម្លាំង និងអត់អាហារ។

លោកបានបន្តថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរកឃើញថា នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសបង្ខំប្រជាជនចេញពីទីក្រុងភ្នំពេញយ៉ាងហោចណាស់ប្រហែល២លាននាក់ រួមមាន៖ បុរស ស្រ្តី មនុស្សចាស់ ក្មេង ព្រះសង្ឃ វេជ្ជបណ្ឌិត គិលានុបដ្ឋ អ្នកជំងឺ អ្នករបួស ស្រ្តីទើបសម្រាលកូន។ ប្រជាជនទាំងនោះមិនត្រូវបានខ្មែរក្រហមផ្តល់កន្លែងស្នាក់ និងស្បៀងអាហារហូបចុកគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យមានការលំបាកវេទនា និងស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមការប៉ាន់ប្រមាណ មានប្រជាជនចំនួនចន្លោះពី២ពាន់ ទៅ២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញ និងការធ្វើដំណើរតាមផ្លូវទៅកាន់ទីជនបទនានា។

មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម រួមមាន នួន ជា និង ខៀវ សំផន ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរកឃើញថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចជា បទមនុស្សឃាត បទធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ រួមទាំងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

វេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម បានចប់នៅម៉ោង១១ព្រឹក បន្ទាប់មក លោក ឡុង ដានី បានដឹកនាំសិស្សនិងនិស្សិតទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦ គឺជាទីតាំងដែលសម្តេច ហ៊ុន សែន និងយុទ្ធមិត្តចំនួន៤រូប ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ដោយផ្ទាល់។