(កំពង់ចាម)៖ លោក ជឹម លាវ អភិបាលរង ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៦នេះ ទូទាំងខេត្តកំពង់ចាម មិនមានកូដកម្ម ឬបាតុកម្មទេ។
លោក ជឹម លាវ អភិបាលរងខេត្តកំពង់ចាម បានបានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅ តាមមុខសញ្ញាក្នុងខេត្តកំពង់ចាម។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានអ្នកចូលរួមចំនួន ៣២០នាក់ ប្រារព្ធធ្វើឡើងរយៈពេល១ថ្ងៃពេញ គឺចាប់ផ្តើមនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមវត្តមានរបស់លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជឹម លាវ អភិបាលរងខេត្តកំពង់ចាម រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
គោលបំណង នៃការបើកវគ្គបណ្តុះបណ្តាលខាងលើនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការពង្រឹងសមត្ថភាពដល់សិក្ខាកាម សម្រាប់ដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
អភិបាលរងខេត្តកំពង់ចាមរូបនេះ បានអះអាងឲ្យដឹងថា ក្នុងឆ្នាំ២០១៥ កន្លងទៅ ខេត្តកំពង់ចាម មានកូដកម្ម កើតឡើងចំនួន៣លើក មានកូដករ ចំនួន ២.២៨១នាក់ ដង្ហែក្បួន២លើក ក្នុងនោះមានការបិទផ្លូវ គ្មានអំពើហឹង្សាទេ។ ចំណែកគោលបំណងនៃការធ្វើកូដកម្មនោះគឺ ក្រុមកូដករ មានបំណង ទាមទារពាក់ព័ន្ធនិងបញ្ហាលក្ខណការងារ និងផលប្រយោជន៍ពិតប្រាកដ របស់កម្មករ និយោជិក ដូចជា រោងចក្រស៊ីឈ្នួលតូចៗដួលរលំ និងរោងចក្រភ្លើងឆេះ ការរើសអើងសហជីព ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕