(ព្រៃវែង)៖ លោកជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមទាំងថវិកាមួយចំនួន ផ្តល់ជូនដល់លោកស្រីតុល សុល ជាភរិយាលោក ដោក សាម៉ុល អតីតអភិបាលខេត្តព្រៃវែងក្នុង អំឡុងឆ្នាំ ១៩៧៩-១៩៨១ ដែលស្ថិតនៅក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឪកាសនោះលោក ជា សុមេធី បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបាននាំយកមកជាមួយនូវថវិកាមួយចំនួន និងសម្ភារៈជាគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភជូនលោកស្រី និងកូនប្រុស ក្នុងគោលបំណងចូលរួមលើកកម្ពស់ជីវភាព និងសម្រួលការលំបាក ដែលជាមនុស្សចាស់ មានកូនជាជនពិកា ហើយលោកស្រី ក៏ជាអតីតភរិយារបស់ថ្នាក់ដឹកនាំខេត្តម្នាក់ ដែលធ្លាប់បានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ កាលពីកន្លងមកផងដែរ។

លោកអភិបាលខេត្ត ក៏បានថ្លែងផ្តាំផ្ញើនិងលើកទឹកចិត្តដល់លោកស្រី សូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ត្រូវចាំថាអាជ្ញាធរមិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ទីណាមានទុក្ខលំបាកទីនោះពិតជាមានវត្តមានក្រុមការងារ ចុះជួយទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរួមគ្នាដោះស្រាយ និងជួយសម្រាលការលំបាកជូនលោកស្រី ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវការឲ្យជួយជាចាំបាច់ និងសកម្មភាពដែលជាប្រយោជន៍ដល់ប្រជាជាជនឲ្យមានភាពប្រសើរឡេីង និងសូមជូនពរជ័យដល់លោកស្រី និងកូនប្រុសឱ្យមានសុខភាពល្អ។

នៅក្នុងឪកាសនោះដែរលោកអភិបាលខេត្ត ក៏បានផ្ដល់នូវបន្ទប់ទឹកដល់លោកស្រី សម្រាប់ប្រើប្រាស់មួយ នឹងបានបុកកណ្ដូង ស្នប់ មួយទៀតសម្រាប់ប្រើប្រាស់ផងដែរ៕