(ពោធិ៍សាត់)៖ លោក ជាប សៅ អតីតប្រធានការិយាល័យបង្ក្រាបបទល្មើស រត់គេចពន្ធជើងទឹក ត្រូវបានផ្លាស់ប្តូរឲ្យទៅកាន់តំណែង ជាប្រធានសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ ជំនួសលោក ហ៊ាល ទូច ដែលត្រូវទទួលមុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋាន រដ្ឋបាលគ្រប់គ្រង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ពិធីផ្ទេរ និងទទួលតំណែងថ្មី របស់ប្រធានសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅសាល ប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្ត លោក ហ៉ីវ គឹមហេង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា តំណាងលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត និងមន្ត្រីសាខាគយជាច្រើនរូបផ្សេងទៀត៕