(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលជួបសវនាការជាមួយលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សី ជាមួយនឹង គ.ជ.ប កម្ពុជា។
នាឧកាសនោះលោក អាណាតូលី បូរ៉ូវីក បានសម្ដែងនូវការអរគុណចំពោះ លោក ប្រាជ្ញ ចន្ទ ដែលអនុញ្ញាតឱ្យមានកិច្ចប្រជុំពិភាក្សាទល់មុខគ្នានាពេលនេះ ពីព្រោះដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យជំនួបបែបនេះខកខាន។ លោកបានសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសទី១ នៅអាស៊ី បានចាត់វិធានការជំងឺកូវីដ-១៩ បានជោគជ័យ។
លោក អាណាតូលី បូរ៉ូវីក បន្តថា សហព័ន្ធ- រុស្ស៊ី អបអរសាទរចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយជោគជ័យ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈសមស្របទៅកត្តាប្រជាសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងនយោបាយជាក់ស្ដែងពិតប្រាកដរបស់កម្ពុជា។ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់កម្ពុជា ហើយដែលសភាស៊ីវិលនៅសហព័ន្ធរុស្សីមានការចាប់អារម្មណ៍ និងតាមដាន។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការជឿជាក់ និងជូនពរលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សូមឱ្យទទួលបានជោគជ័យក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនេះ។
លោក អាណាតូលី បូរ៉ូវីក បានរំលឹកអំពីអនុស្សរណៈដែលភាគីគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សី និងភាគី គ.ជ.ប កម្ពុជា បានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ២០១៨ នៅទីក្រុងមូស្គូ ហើយឯកឧត្តមចង់ជំរុញឱ្យមានការអនុវត្តជាក់ស្តែងដើម្បីផ្លាស់ប្ដូរ អ្នកជំនាញរៀបចំការបោះឆ្នោត ព្រមទាំងមានការសង្កេតមើលការបោះឆ្នោត ការធ្វើសិក្ខាសាលា សន្និសីទបែបវិទ្យាសាស្ត្រ និងកិច្ចប្រជុំតុមូលដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងមានការចាត់បញ្ជូនតំណាង ដើម្បីពិនិត្យមើលការរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋនៃភាគីនីមួយៗ ជាដើម ។ល។ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលភាគីសហព័ន្ធរុស្ស៊ី និងភាគីព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា មានឯកសារចំនួន ៧៩ច្បាប់។
នាឱកាសនោះលោក ប្រាជ្ញ ចន្ទ ក៏បានសម្ដែងនូវការស្វាគមចំពោះឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ដែលបានអញ្ជើញមកជួបពិភាក្សាការងារនៅថ្ងៃនេះ។ លោកក៏បានលើកឡើងពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភរបស់អតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ជូនដល់ប្រជាជនកម្ពុជាក្នុងគ្រាដ៏សែនលំបាក ដែលបន្សល់ទុកដោយរបបខ្មែរក្រហម។
ពាក់ព័ន្ធនឹងការងារទំនាក់ទំនងរវាងភាគីទាំងពីរ លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា កន្លងមក គ.ជ.ប កម្ពុជា ធ្លាប់បញ្ជូនប្រតិភូរបស់ខ្លួនទៅសង្កេតមើលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបានចូលរួមសន្និសីទអន្តរជាតិនៅសហព័ន្ធរុស្សីផងដែរ។ ចំពោះការបោះឆ្នោតនៅកម្ពុជា លោកប្រធាន គ.ជ.ប បានជម្រាបជូនភាគីរុស្សីអំពី៖ ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្នបានចំនួន ១៦ លើក។ ប្រតិទិននៃការបោះឆ្នោត ផែនការមេ និងក្របខណ្ឌច្បាប់។ ការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោត ដោយការប្រើបច្ចេកវិទ្យាព័ត៌មាន។ ដំណាក់កាលនៃការរៀបចំការបោះឆ្នោត មាន ៤ ដំណាក់កាល។ អំពីនីតិវិធីនៃការបោះឆ្នោត។ យន្តការនៃការដោះស្រាយពាក្យបណ្តឹងពាក់ពន្ធ័នឹងលទ្ធផលនៃការបោះឆ្នោត ។ល។
សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតលោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប នឹងអញ្ជើញស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតមើលការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាភ្ញៀវពិសេស។ លោកក៏យល់ស្របផងដែរថា ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប កម្ពុជា និងគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សី ដើម្បីធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនេះ នៅពេលមានការជួបពិភាក្សាផ្ទាល់រវាងភាគីទាំងពីរ។
ជាថ្មីម្តងទៀត លោក អាណាតូលី បូរ៉ូវីក បានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ចំពោះការលះបង់ពេលវេលាដ៏មមាញឹក ដើម្បីជួបភាគីប្រតិភូរុស្សី ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅមានជាបន្តបន្ទាប់ទៀត៕