(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរ ជូនចំពោះលោកឧកញ៉ា សុខ ស្រស់ ដែលជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១។
លិខិតរបស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយាព្រមទាំងអនុប្រធាន សមាជិក សមាជិកា អគ្គនាយក បុគ្គលិក សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរ និងរីករាយយ៉ាងក្រៃលែងជូនចំពោះឧកញ៉ា សុខ ស្រស់ ដែលបានជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ ដោយទទួលបានការទុកចិត្ត ពីសមាជិកបោះឆ្នោតគាំទ្រ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ជោគជ័យដ៏ត្រចះត្រចង់នេះ ជាសក្ខីភាពសបញ្ជាក់អោយឃើញ នូវការដឹកនាំប្រកបដោយ ភាពឈ្លាសវៃប៉ិនប្រសព្វ និងការទទួលខុសត្រូវខ្ពស់របស់ ឧកញ៉ា ដែលបានផ្ដល់ភាពកក់ក្តៅ ជូនដល់គ្រប់ពាណិជ្ជករ នៅក្នុងខេត្តញ៉ាំងអោយស្ថាប័នសភាពាណិជ្ជកម្ម មណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង ដើរតួនាទីរួមជាមួយ សភាពាណិជ្ជកម្មកម្ពុជា មិនអាចខ្វះបានក្នុងការចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយសេដ្ឋកិច្ចជាតិមាន ការអភិវឌ្ឍន៍រីកចំរើនជាលំដាប់គួរជាទីមោទនៈ។
ក្នុងឱកាសដ៏រីករាយ និងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំ និងភរិយាព្រមទាំង អនុប្រធាន សមាជិក សមាជិកា អគ្គនាយក បុគ្គលិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ សូមជូនពរបវរមហាប្រសើរជូន ឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្របុត្រី ជាទីស្រលាញ់ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំងទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕