(ភ្នំពេញ)៖ អភិបាលតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន លោក ឡាន ធានលី (Lan Tianli) បានបង្ហាញការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស។

លោក ធានលី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅវិមាន​សន្តិ​ភាព នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់​អ្នកព័ត៌មាន​ថា លោក ធានលី បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍​របស់កម្ពុជា។ លោក ធានលី បានបញ្ជាក់ថា លោកធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ហើយ​ពេល​នេះ កម្ពុជាកាន់តែមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត។ ​ក្នុង​នោះ ​មាន​អគារ​ខ្ពស់​ៗ​ជាច្រើន និងប្រជាជនមានជីវភាពធូរធារច្រើន។

លោក ធានលី ក៏បានជម្រាបជូនសម្ដេចតេជោ អំពីគោលបំណងនៃដំណើរ​ទស្សន​កិច្ច​របស់​លោក​មកកាន់កម្ពុជានាពេលនេះផងដែរ។ គោលបំណងនៃដំណើរ​ទស្សនកិច្ច​របស់លោកមានចំនួន៣ រួមមាន៖ ទី១ គោរពថ្លែងអំណរគុណ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រតំបន់ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិព័រណ៍ ចិន-អាស៊ាន នៅទីក្រុងណាននីង, ទី២៖ ជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាង​ថ្នាក់ដឹក​នាំកំពូល របស់ចិន និងកម្ពុជា ជាពិសេសការកសាងសហគមន៍ជោគវាសនា រួម ចិន-កម្ពុជា, គោលបំណងទី៣៖ គោរពសុំអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិ​បត្តិការរវាង​ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាព និងថ្លែងអំណរគុណចំពោះការវាយតម្លៃ លើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យលោក ធានលី បន្តកិច្ចសហប្រតិបត្តិការមានស្រាប់ ឱ្យកាន់តែស៊ីជម្រៅ​ និងអនុវត្តកិច្ចព្រមព្រៀង​ ដែលមានស្រាប់នោះ ឱ្យបានគ្រប់ជ្រុងជ្រោយ៕