(អង់គ្លេស)៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោករបស់ម៉ាឡេស៊ី AirAsia បានដាក់ការបញ្ជាទិញយន្តហោះប្រភេទ A321neo ពីក្រុមហ៊ុនផលិតយន្តហោះ Airbus ជាប្រភេទយន្តហោះមានផ្លូវដើរនៅខាងក្នុងតែមួយ និងស៊ីសាំងតិចចំនួន១០០គ្រឿង ជាមួយនឹងតម្លៃ១២.៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដោយនេះជាកិច្ចព្រមព្រៀង ដែលមានទំហំទឹកប្រាក់ធំជាងគេបំផុត មិនធ្លាប់មានពីមុនមក នៅក្នុងពិធីតាំងពិព័រណ៌អាកាសចរណ៍ Farnborough។ នេះបើតាម សារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១២ ខែកក្កដានេះ។
ការបញ្ជាទិញរបស់ក្រុមហ៊ុននេះ មានតម្លៃស្នើនឹង១១.៣ពាន់លានអឺរ៉ូ នៅក្នុងបញ្ជីតម្លៃដោយវាត្រូវបានប្រកាសភា្លមៗ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Go Air របស់ឥណ្ឌា ផ្តល់សញ្ញារបស់ខ្លួនក្នុងការមានបំណងចង់ទិញ យន្តហោះប្រភេទ A320neos ចំនួន៧២គ្រឿង ពីក្រុមហ៊ុន Airbus ជាមួយនឹងតម្លៃ ៧.៧ពាន់ លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia គឺជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានថវិកាច្រើនជាងគេបំផុត នៅក្នុងតំបន់ ខណៈយន្ត ហោះប្រភេទ A321neo ស៊ីសាំងតិច ដែលអាចផ្ទុកអ្នកធ្វើដំណើរ រហូតដល់ទៅ២៤០នាក់ មានកម្រិតតែមួយ ដែលមានសមត្ថភាពកាន់តែប្រសើរ និងតម្លៃប្រតិបត្តិការកម្រិតទាបបំផុត៕