(ភ្នំពេញ)៖ នៅថ្ងៃស្អែកទី១៤ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី ដោយរៀបចំនៅថ្ងៃទី១៥-១៦ ខែកក្កដា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃនេះថា ក្រៅពីកិច្ចប្រជុំសម្តេចតេជោ នឹងមានជំនួបជាមួយនាយករដ្ឋមន្រ្តី ចិន ជប៉ុន ប្រធានាធិបតីកូរ៉េ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលផ្សេងទៀត ដែលចូលប្រជុំជាមួយគ្នាដែលនេះ ជាទម្លាប់ធម្មតាសំរាប់មេដឹកនាំរដ្ឋ។
សម្តេចតេជោ បានឲ្យដឹងនៅលើ Facebook យ៉ាងដូច្នេះថា «ថ្ងៃ១៤ កក្កដា ២០១៦ ស្អែកនេះខ្ញុំ និងភរិយានឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី។ នេះជាការជួបជុំជាទៀងទាត់២ឆ្នាំម្តង រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចំនួន៥១ និងអង្គការ២ គឺលេខាធិការដ្ឋានអាស៊ាន និងស្នងការអឺរ៉ុប។ កម្ពុជាបានចូលជាសមាជិកព្រមពេលគ្នាជាមួយឡាវ និងមីយ៉ាន់ម៉ា និងប្រទេស៤ផ្សេងទៀតមកពីអឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅហាណូយប្រទេសវៀតណាម នាសម័យប្រជុំលើកទី៥។ តាំងពីពេលនោះមកខ្ញុំបានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំមិនដែលអាក់ខានគឺ ឆ្នាំ២០០៦ នៅហ្វាំងឡង់ ឆ្នាំ២០០៨ នៅចិន ឆ្នាំ២០១០ នៅបែលហ្សិក ឆ្នាំ២០១២ នៅឡាវ ឆ្នាំ២០១៤ នៅអ៊ីតាលី និងឆ្នាំ ២០១៦ នេះនៅម៉ុងហ្គោលី។
ក្រៅពីការប្រជុំ ខ្ញុំនឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន ជប៉ុន ប្រធានាធិបតីកូរ៉េ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ផ្សេងទៀតដែលចូលប្រជុំជាមួយគ្នាដែលនេះ ជាទម្លាប់ធម្មតាសំរាប់មេដឹកនាំរដ្ឋ៕