(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច របស់កងរាជអាវុធហត្ថ និងប៉ូលីសរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឲ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម កុំឲ្យចាញ់ប្រទេសគេ ខណៈដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីជ័យកីទ្បា នៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤, មន្ទីរពាក់ព័ន្ធ, កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថរាជធានី និងប៉ូលីសរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា កម្ពុជាយើងបានរង់ចាំ ៦៤ឆ្នាំហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ ធ្វើយ៉ាងណាឲ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម មិនចាញ់ប្រទេសគេ និងទទួលបានភាពជោគជ័យ ។
លោកបញ្ជាក់ថា ចំពោះអ្នកដែលត្រូវដង្ហែ និងអ្នកឈរទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា គឺត្រូវតែប្រើប្រាស់យុវជន។ បន្ថែមពីនេះ ការលាងសំអាតផ្លូវ ការតុបតែងរាជធានីភ្នំពេញ ឲ្យសោភណ្ឌភាព ត្រូវតែអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។ ក្នុងនោះ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល- រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡានៅស្ពានទី១២ ដើម្បីដង្ហែមកវេទិកា នៅរមណីយដ្ឋានវត្តភ្នំ។ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូន រដ្ឋបាលរាជធានីភ្នំពេញ ដង្ហែឆ្ពោះមកកាន់រមណីយដ្ឋានវត្តភ្នំ ។
បន្ទាប់ពីប្រារព្ធពិធី អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្ក ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ។
នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយ លោក នី ផល្លី តំណាង CAMSOC និងអភិបាលរងរាជធានីភ្នំពេញ មានការអមដំណើរដោយ ប្រតិភូរាជធានីភ្នំពេញ ក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ។ លោកនី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូនលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី។ លោកបណ្ឌិតសភាចារ្យ បន្តប្រគល់ជូនលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ។
លោក ហោ សារុន បន្តប្រគល់ជូនលោក ឃួង ស្រេង ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡា អមដោយថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ។ លោកអភិបាលរាជធានីភ្នំពេញ បន្តប្រគល់ជូនលោក នី ផល្លី នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។ លោក នី ផល្លី បន្តប្រគល់ជូន តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភទាំង១៤ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡាពី មុខអង្គភាពប្រឆាំងអំពើពុករលួយ ឆ្ពោះទៅរមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រលប់មកជូន លោក នី ផល្លី ដើម្បីប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង ។
នៅរសៀលថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ចេញពីទីប្រជុំជនស្គន់ ខេត្តកំពង់ចាម ឆ្ពោះមកកាន់រាជធានីភ្នំពេញ ត្រូវមកដល់ស្តុបម៉ាក្រូឈ្នះឈ្នះ ប្រមាណម៉ោង ១៩៖០០ នាទី។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ នឹងត្រូវទទួលព្រះអគ្គិជ័យកីឡារត់បណ្តាក់គ្នាពី ស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមកខ្លោងទ្វារពហុកីឡដ្ឋានមរតកតេជោកីឡាករបាល់ទាត់ដែលមានប្រជាប្រិយភាព ចំនួន ២រូប នឹងត្រូវទទួលព្រះអគ្គិជ័យ កីឡាដង្ហែរបន្តពី ស្តុបម៉ាក្រូ ឈ្នះ ឈ្នះ ឆ្ពោះមកកាន់ ច្រកទ្វារលេខ ១កីឡាករ កីឡាការិនី ម្ចាស់មេដាយមាសចំនួន ៥រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែបន្តពី ច្រកទ្វារលេខ ១ ចូលក្នុងបរិវេណទីលានបាល់ទាត់ ដែលជាកន្លែងប្រារព្ធពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ជាផ្លូវការ៕