(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីវាស់វែងជូនប្រជាពលរដ្ឋស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ដោយអនុវត្តទៅតាមស្មារតីអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តដូចខាងក្រោម៖
*ទី១៖ លិខិតលេខ ៨៥៨/១៥ ក.អ.ក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ស្តីពីការចុះកំណត់ព្រំដីសម្រាប់កងទ័ពទំហំ ២២ហិកតា ដីជលផលទំហំ ២ហិកតា និងដីសម្រាប់ប្រជាពលរដ្ឋ ៣០ហិកតា ស្ថិតនៅចំណុច ២៣
*ទី២៖ អនុក្រឹត្យលេខ ២៤៥អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិលើផ្ទៃដី ៩៣៣៥៧៧ហិកតា និងលិខិតលេខ១០៦៤ សជណ.ដប ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
*ទី៣៖ លិខិតលេខ៥៧៣ សជណ ប.សចុះថ្ងៃទី២៤ ខែមីនា ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការអនុញ្ញាតជាគោលការណ៍ឱ្យចុះបញ្ជីចេញបណ្ណជូនប្រជាពលរដ្ឋស្ថិតនៅភូមិកោះរ៉ុងសន្លឹម
*ទី៤៖ អនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីកំណត់តំបន់សហគមន៍ និងតំបន់ប្រើប្រាស់ដោយចីរភាព និងលិខិតលេខ៣៦៤ សជណ.ដប ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបានបន្តថា នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល រួមមាន៖
*ទី១៖ ដំណាក់កាលត្រៀមរៀបចំ
*ទី២៖ ដំណាក់កាលប្រតិបត្តិការបច្ចេកទេស
*ទី៣៖ ដំណាក់កាលបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ
*ទី៤៖ ដំណាក់កាលសម្រេច
*ទី៥៖ ដំណាក់កាលចុះបញ្ជី ចេញបណ្ណ និងចែកបណ្ណ។
លោក គួច ចំរើន បានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង នាឱកាសនេះ ដើម្បីកាត់បន្ថយការទំនាស់ដីធ្លី និងការកាន់កាប់ដោយស្របច្បាប់។
ការប្រកាសតំបន់វិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋរបស់ក្រសួងបរិស្ថាន និងពិនិត្យតាមស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយរៀបចំនីតិវិធីដោយមានការគាំទ្រពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានដាក់តំបន់នេះ ជាតំបន់សហគមន៍ ដើម្បីកែសម្រួលជាតំបន់អភិរក្សស្នើសុំទៅរាជរដ្ឋាភិបាលធ្វើការសម្រេចកាត់ចេញពីតំបន់អភិរក្ស មកជាតំបន់សហគមប្រជាពលរដ្ឋ ក្នុងនាមរដ្ឋបាលខេត្តបានស្នើសុំជាកញ្ចប់ ដើម្បីធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលមាន ដំណាក់កាល ៥ជំហាន ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន ចូលរួមសហការជាមួយមន្ត្រីជំនាញតាមដំណាក់កាលនីមួយៗ។
លោកបន្តថា ការវាស់វែងពេលមុន គឺជាការចុះស្រង់ទិន្នន័យ សូមបងប្អូនចូលរួមការចុះបញ្ជីថ្ងៃនេះ ប្រកាសជាតំបន់វិនិច្ឆ័យតំបន់កោះរ៉ុងសន្លឹមទាំងមូល បងប្អូនត្រូវមាន៖
*ទី១៖ ចាប់ផ្តើមដំណើការចុះបញ្ជីជូនបងប្អូនកាន់កាប់ស្របច្បាប់
*ទី២៖ នៅពេលប្រកាសតំបន់វិនិច្ឆ័យបងប្អូនត្រូវត្រៀម និងប្រមូលឯកសារឱ្យមន្ត្រីជំនាញ ដើម្បីជាមូលដ្ឋានការទទួលស្គាល់នៃការចុះបញ្ជីថ្មី សូមខិតខំរកឯកសារ អត្តសញ្ញាណ ប្រសិនបើបងប្អូនមានឯកសារគ្រប់គ្រាន់ យើងនឹងឆាប់ទទួលបានបណ្ណ
*ទី៣៖ ទាក់ទងបញ្ហាទំនាស់ សូមបងប្អូនចេះសម្របសម្រួលគ្នា ទន្ទឹមនោះរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើង ត្រូវរួមគ្នាប្រកួតប្រជែងក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើង ព្រោះយើងបានធ្វើការអភិវឌ្ឍមានផ្លូវបេតុង កាន់តែច្រើនសម្រួលក្នុងការធ្វើដំណើរប្រជាពលរដ្ឋតំបន់កោះ ម្យ៉ាងទៀតក្រុមការងារ ចាំជួយសម្របសម្រួលការងារជូនបងប្អូនជូនពរឱ្យបងប្អូនឆាប់ទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។
លោកអភិបាលខេត្ត បានបន្តទៀតថា សង្កាត់កោះរ៉ុងសន្លឹមមានការវិនិយោគច្រើនមានដូចជា ផ្លូវបេតុង នេះជាផលនៃការអភិវឌ្ឍ និងការតភ្លើងអគ្គិសនីបណ្តាញជាតិ ចេញពីតារាសាគរ (ខេត្តកោះកុង) មកកាន់តំបន់កោះរបស់យើង នៅសល់តែនីតិវិធី នៃការចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលខាងមុខ ក៏ប៉ុន្តែយើងនៅមានបញ្ហាទឹកស្អាត និងការពង្រីកវិស័យអប់រំនៅតំបន់កោះឱ្យមានវិទ្យាល័យសម្រាប់កូនចៅអ្នកកោះបានសិក្សារៀនសូត្រនៅទីនេះផ្ទាល់ យើងក៏ចង់បានបណ្តាញភ្លើងរដ្ឋមកកាន់ទីនេះផងដែរ ដើម្បីឱ្យបងប្អូនមានភ្លើងប្រើប្រាស់គ្រប់ៗគ្នា នៅក្នុងតំបន់កោះរ៉ុងសន្លឹម។ លោកសង្ឃឹមថា តំបន់កោះរ៉ុងសន្លឹមទទួលបានផលនៃការវិនិយោគ និងទទួលបានសេវាសាធារណៈកាន់តែ ងាយស្រួល ហើយក្រោយពីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចបងប្អូនតំបន់កោះរ៉ុងសន្លឹមលែងមានទំនាស់ដីធ្លី និងរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍមូលដ្ឋានរីកចម្រើនជាក់ជាមិនខាន៕