(ភ្នំពេញ)៖ លោក ហួត ហ៊ាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង នៅល្ងាចទី២០ ខែមេសា ឆ្នាំ២០២៣ បានសម្រេចបញ្ជាឲ្យឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទ ស៊ាន ប៊ុនណាល់ បានប្រព្រឹត្តបទល្មើសនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់ ពីអ្នកនាំពាក្យសាលាដំបូង ខេត្តព្រៃវែង ប្រាប់ភ្នាក់ងារ Fresh News ។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

ការឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ នៅពេលនេះ បន្ទាប់ពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងខេត្តព្រៃវែង សម្រេចចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យផ្អាកតួនាទីអធិការរងស្រុកបាភ្នំ ខេត្តព្រៃវែងម្នាក់ និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីផ្ទុះអាវុធបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួស ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៉ីសងជល់មាន់។

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៉ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ប៉ុន្ដែពេលចុះបង្ក្រាបនោះ អ្នកលេងល្បែងបានប្រតាយប្រតប់គ្នា ជាមួយកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរាកៃកាំភ្លើងត្រូវរបួសម្នាក់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះល្បាតចល័ត ក្នុងភូមិសាស្ត្រស្រុកបាភ្នំ ដើម្បីកាពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ និងបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលមានកម្លាំងចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ។

ពេលចុះល្បាតក្នុងមូលដ្ឋានខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា មានគេលបលួចលេងល្បែងស៉ីសង (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

បន្ទាប់ពីទទួលបានព័ត៌មានលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងឃើញមានប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួបជុំលេងល្បែងស៉ីសង (ជល់មាន់) ពិតប្រាកដមែន គ្រាន់តែឃើញកម្លាំង សមត្ថកិច្ចភ្លាម ក្រុមអ្នកលេងល្បែង ក៏បាននាំគ្នារត់ប្រសេចប្រសាច។

ខណៈនោះលោកអធិការរង ក៏បានស្រែក និងដកអាវុធខ្លីមកគំរាមឲ្យពួកគាត់ឈប់ តែពួកគាត់មិនព្រមស្ដាប់នោះទេ ហើយលោកអធិការរង ក៏បានទៅចាប់ឃាត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ដែលកំពុងឡើងជិះម៉ូតូបម្រុងបើករត់ ក៏កើតមានការប្រតាយប្រតប់គ្នាធ្វើឲ្យលោកអធិការរង និងឈ្មោះ សាន វិច្ឆិកា រួមទាំងម៉ូតូដួល បណ្ដាលឲ្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ត្រូវឈ្មោះ សាន វិច្ឆិកា រងរបួសចង្កេះខាងឆ្វេងតែម្ដង៕