(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញបង្ក្រាប និងចាប់បានក្រុមប្លន់ម៉ូតូពេលរាត្រីបាន២នាក់ ខណ:ដែលពួកគេ កំពុងធ្វើសកម្មភាពប្លន់ម៉ូតូ របស់ប្រជាពលរដ្ឋ នៅវេលាម៉ោង២ រំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតសង្កាត់សំរោងក្រោម។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា «មានករណីវាយប្លន់ម៉ូតូ នៅសំរោងក្រោម កាលពីវេលាម៉ោង២ទៀបភ្លឺ តែកម្លាំងយើង បានឃាត់ខ្លួនជនដៃដល់បាន២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាព ដោយម្នាក់ទៀតពាក់ព័ន្ធ នឹងការលាក់បាំង ហើយសំរួលឲ្យជនដៃដល់ធ្វើសកម្មភាពប្លន់»។
លោកអធិការបានបញ្ជាក់ទៀតថា កម្លាំងរបស់លោក បាននិងកំពុងតាមបង្ក្រាប បក្ខពួកមួយចំនួន ដែលអាចជាប់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនេះ។
ជាមួយគ្នានេះ នៅវេលាម៉ោង៣ទាបភ្លឺនេះ កម្លាំងនគរបាលរបស់លោក ក៏បានឃាត់ខ្លួនជនចាប់រំលោភម្នាក់ផងដែរ នៅសង្កាត់ចោមចៅ។
សម្រាប់ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕