(ភ្នំពេញ)៖ លោកស្រីឧកញ៉ា កែវ មុំ តំណាងសមាគមមូលនិធិសុខុមាលភាពសាធារណៈ កម្ពុជា-ចិន បានផ្តាំផ្ញើនិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិន ប្រឹងប្រែងធ្វើជាគំរូល្អ ដើម្បីមុខមាត់ប្រទេសជាតិយើងទាំងមូល។
ការផ្តាំផ្ញើរបស់លោកស្រី បានធ្វើឡើងពេលជូនដំណើរនិស្សិត ៣រូប ដែលទទួលបានអាហារូបករណ៍សិក្សានៅខេត្តអានហួយ ទីក្រុងហឺហ្វី ប្រទេសចិន ឡើងយន្តហោះ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោកស្រីឧកញ៉ា កែវ មុំ បានឲ្យដឹងថា និស្សិតទាំង ៣រូប គឺជានិស្សិតក្នុងចំណោម ១១០នាក់ ដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ដំណាក់កាលទី២ រយៈពេល ៣ឆ្នាំ កាលពីឆ្នាំ២០១៩ ផ្នែកគ្រូមតេ្តយ្យភាសាចិន។ ពេលកំពុងសិក្សា ជំងឺកូវីដ១៩ ក៏បានផ្ទុះឡើង ធ្វើឲ្យពួកគេធ្វើមាតុភូមិនិវត្តន៍វិញ ហើយបន្តសិក្សាតាមប្រព័ន្ធអនឡាញ។ ឥឡូវនេះ ពួកគេត្រូវត្រលប់ទៅចិនវិញ ដើម្បីបញ្ចប់ការសិក្សាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយក៏អាចស្នើបន្តការសិក្សា ២ឆ្នាំទៀត ដើម្បីយកថ្នាក់បរិញ្ញាបត្រ មុននឹងយកអនុបណ្ឌិត ផងដែរ។
«ធនធានមនុស្សជារឿងសំខាន់ជាងគេ អ្នកដែលទៅសិក្សានៅប្រទេសចិន ត្រូវតែធ្វើជាសិស្សគំរូល្អ និងជួយរំឭកដាស់តឿនគ្នា ខិតខំរៀនសូត្រ ជាគំរូដល់សិស្សដែលមកពីបណ្តាប្រទេសអាស៊ានផ្សេងទៀត»។ នេះជាការដាស់តឿន របស់លោកស្រីឧកញ៉ា កែវ មុំ។
សូមជម្រាបថា ក្រោមជំនួយកិច្ចឧបត្ថម្ភពីសមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស «Overseas Chinese Charity Foundation of China (OCCFC)» ដែលបានទទួលអាហារូបករណ៍ផ្តល់ដល់សមាគមមូលនិធិសុខុមាលភាពសាធារណៈ កម្ពុជា-ចិន សម្រាប់រយៈពេល ៣ឆ្នាំ ជ្រើសរើសនិស្សិតអាហាររូបករណ៍កម្ពុជា ទៅសិក្សាជំនាញសំខាន់៣ រួមមាន ផ្នែកអគ្គិសនី, ផ្នែកជួសជុលនិងតម្លើងរថយន្ត និង ផ្នែកគ្រូមតេយ្យភាសាចិន។
និស្សិតកម្ពុជា ដែលទទួលអាហារូបរណ៍ទាំងអស់ អាចដាក់ពាក្យជ្រើសរើសគ្រឹះស្ថានសិក្សា តាមជំនាញ ក្នុងចំណោមគ្រឹះស្ថានសិក្សា ដូចខាងក្រោម៖
១៖ សាលាបច្ចេកទេសវិស្វកម្មមេកានិច និងអគ្គិសនី (Technical College of Mechanical and Electrical Engineering)
២៖ សាលាបច្ចេកទេសអភិរក្ស (Conservancy Technical College)
៣៖ វិទ្យាស្ថានបច្ចេកវិជ្ជា Wuhu (Wuhu Institute of Technology)
៤៖ សាលាអប់រំក្មេងមិនទាន់គ្រប់អាយុចូលរៀន HEFEI (HEFEI Preschool Education College)។
កម្មវិធីផ្តល់អាហារូបករណ៍លើកទី១ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៨ ហើយសមាគមមូលនិធិសុខុមាលភាពសាធារណៈ កម្ពុជា-ចិន ជ្រើសរើសបាននិស្សិតចំនួន ៤៩នាក់ ទៅសិក្សានៅគ្រឹះស្ថានទាំងអស់នោះ។ ដោយឡែក ក្នុងឆ្នាំ២០១៩ សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស OCCFC ផ្តល់ជូនចំនួន២០០នាក់ ប៉ុន្តែសមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា-ចិន ជ្រើសរើសបាននិស្សិតត្រឹមតែចំនួន ១១០នាក់ សម្រាប់ទៅសិក្សាជំនាញទាំង៣ ខាងលើ។
ក្នុងឱកាសជូនដំណើរនោះដែរ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកឡើងថា និស្សិតដែលរៀននៅបរទេសទាំងអស់ សូមធ្វើជាទូតតំណាងឲ្យប្រទេសខ្លួន។ លោកក៏បានផ្តាំផ្ញើនិស្សិតទាំងអស់ ប្រឹងប្រែងផ្សព្វផ្សាយពីកិត្តិនាមរបស់កម្ពុជា ឲ្យបរទេសបានស្គាល់ផងដែរ ដើម្បីឲ្យពួកគេមកលេងកម្សាន្ត។
កញ្ញា លីន សុវត្តី តំណាងឲ្យនិស្សិតអាហារូបករណ៍ដំណាក់ទី២ បានប្តេជ្ញាប្រឹងប្រែងរៀនសូត្រ ដើម្បីលើកមុខមាត់ប្រទេសជាតិកម្ពុជា។ កញ្ញា ថែមទាំងប្តេជ្ញាចិត្ត យកចំណេះដឹងដែលទទួលបានពីការរៀនសូត្រ មករួមចំណែកអភិវឌ្ឍប្រទេសជាតិ។
លោកស្រីឧកញ៉ា កែវ មុំ បានឲ្យដឹងបន្តថា និស្សិតដែលទទួលបានអាហារូបករណ៍ គឺទទួលបានការឧបត្ថម្ភគាំទ្រច្រើនពីភាគីចិន ដូចជា សំបុត្រយន្តហោះទៅមកកម្ពុជា-ចិនម្តងក្នុង១ឆ្នាំ ថ្លៃសិក្សា កន្លែងស្នាក់នៅ សូម្បីធានារ៉ាប់រងសុខុមាលភាព ក្នុងអំឡុងពេលទទួលបានអាហារូបករណ៍ ជាដើម។ លោកស្រីបានបញ្ជាក់ថា នឹងខិតខំស្នើសុំអាហារូបករណ៍ពីភាគីចិនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេស៕