(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ខ្មាន់កំាភ្លើងបានបញ្ជូនមកដល់តុលាការក្រុងភ្នំពេញជាលើកទី៣ ហើយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តសាកសួរបន្ថែមលើខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ។
ខ្មាន់កាំភ្លើងនេះ បានសារភាពថាខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ក្រោយពេលដែល សមត្ថកិច្ចដេញចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាត (Star Mart) កាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
កាលពីម្សិលមិញ បន្ទាប់ពីសួរចម្លើយបានរយៈពេល២ថ្ងៃរួចមក លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការនៅក្នុងសំណុំរឿងឃាតកម្មលើ លោក កែម ឡី បានអះអាងថា ការសាកសួរលើខ្មាន់កាំភ្លើង នៅល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦នេះ ផ្តល់ប្រយោជន៍ និងតម្រុយជាច្រើន សម្រាប់ការស៊ើបអង្កេត និងការចោទប្រកាន់។
ប៉ុន្តែទោះជាយ៉ាងណា តំណាងអយ្យការមិនទាន់ចោទប្រកាន់ទៅលើជនដៃដល់នេះ នៅឡើយទេ។ ខណៈដែលសាកសពជនរងគ្រោះ កំពុងតម្កល់នៅវត្តចាស់ នាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រយៈពេល១០ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកដែលស្រឡាញ់រាប់អាន លោកបណ្ឌិត កែម ឡី ចូលគោរពវិញ្ញាណក្ខន្ត។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បី នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ខណៈលោកកំពុងអង្គុយ ទទួលទានកាហ្វេ។ លោកត្រូវឃាតកបាញ់ចំនួន២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ បណ្តាលឱ្យសម្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ក្រោយមានឃាតកម្មនេះ ទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សនយោបាយ រួមទាំងអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកពលរដ្ឋជាច្រើនទៀត បានថ្កោលទោសចំពោះអំពើព្រៃផ្សៃនេះ៕