(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លើយតបចំពោះ អ្នកដែលពូកែខាងឆ្ងល់ អំពីច្បាប់ និងទម្លាប់ ការតែងតាំង ផ្លាស់ប្តូរ ឬដំឡើងឋានន្តរស័ក្តិយោធិន។

លោកបញ្ជាក់យ៉ាងខ្លីថា អ្នកដែលពូកែឆ្ងល់ សូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់ពួកគេចុះ លោកពុំមានពេលពន្យល់ពីច្បាប់ និងទម្លាប់ដល់ពួកគេទេ ព្រោះលោកត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍សម្រាប់ជាតិ។

សាររបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ លោក សេង សារី បានបង្ហាញការងឿងឆ្ងល់ចំពោះ ការបំពាក់ឋានន្តរស័ក្តជា​ «នាយឧត្តមសេនីយ៍» ជូន លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិនេះ។

តាមរយៈបណ្តាញសង្គម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖

«ថ្ងៃនេះមានកូនទាហានពិសេសម្នាក់រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ (ជាតំណាងអោយម៉ាក់ និងបងស្រីទាំងពីររបស់គាត់ផងដែរ)។

ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍ នាថ្ងៃនេះ។

ចំពោះអស់លោកដែលពូកែខាងឆ្ងល់ អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ ឬឆ្លើយតបជាមួយអស់លោកទេ😅 ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។

ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួប និងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងការត្រៀម លក្ខណៈការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង»៕