(ភ្នំពេញ)៖​ ស្រីស្អាតម្នាក់បើករថយន្ដ RangRover Mini មួយគ្រឿង​មិនប្រយ័ត្នដល់ផ្លូវបែកជា៤​ ស្រាប់តែទៅបុករថយន្ដមួយគ្រឿងទៀត​ ដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឱ្យរងការខូចខាតផ្នែកស្ដាំ​ ប៉ុន្ដែគ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៦​ នៅចំណុចមុខស្ថានទូតចិន​ តាមបណ្ដាលផ្លូវម៉ៅស៊ីទុង​ ស្ថិតក្នុងសង្កាត់​ទួលស្វាយព្រៃទី២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍​បានឱ្យដឹងថា​ មុនពេលកើតហេតុគេរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AB-3334 ដែលបើកបរដោយនារីស្រស់ស្អាតម្នាក់​ ក្នុងទិសដៅពីកើតទៅលិច​ លុះដល់ចំណុចកើតហេតុ​ ជាផ្លូវបែកជា៤ ហើយមានភ្លើងស្ដុបផងនោះ​ ក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2AI-1725​ បើកក្នុងទិសដៅពីត្បូងទៅជើង​ ស្រាប់តែបានបុកចំហៀងខាងស្ដាំ​រថយន្ត បណ្ដាលឱ្យរថយន្ដកំពិត​ រួចរថយន្ដក៏បានជ្រុលទៅបុករបងហាងមួយដែលនៅក្បែរនោះ​ បាក់អស់មួយផ្ទាំងផងដែរ​ ប៉ុន្តែមិនមានអ្នកណាម្នាក់រងគ្រោះនោះទេ។

ក្រោយពេលកើតហេតុ​ភាគីទាំងសងខាង បានស្រុះស្រួល​ ដោយមិនបានរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕