(ថៃ)៖ កម្លាំងសមត្ថកិច្ចថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបង្រ្កាបសាច់ជ្រូកបង្កខុសច្បាប់ជាង៤លានគីឡូក្រាម នៅក្នុងកំពង់ផែអន្តរជាតិលែមឆបាំង ខេត្តឈុនបូរី ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ bangkokbiznews។

បើតាមសមត្ថកិច្ច សាច់ជ្រូកបង្កខុសច្បាប់នេះ មានចំនួន១៤០ទូកុងតឺន័រ ដែលរកឃើញថា អាចបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ហើយពេលនេះ សមត្ថកិច្ចថៃ ក៏កំពុងស្រាវជ្រាវ ដើម្បីស្វែងរកប្រភពសាច់ជ្រូកបង្កនេះផងដែរ។

បើតាមសារព័ត៌មាន thaipbsworld បានឱ្យដឹងថា ករណីនេះ កសិករចិញ្ចឹមជ្រូកក្នុងប្រទេសថៃ បានស្នើឱ្យបង្កើតគណៈកម្មការចម្រុះមួយរវាងរដ្ឋាភិបាល និងវិស័យឯកជនជាបន្ទាន់ ដើម្បីដោះស្រាយការរត់ពន្ធជ្រូកដោយខុសច្បាប់ ចូលមកក្នុងប្រទេស បន្ទាប់ពីមន្ត្រីគយនៅឯទីក្រុងកំពង់ផែ Laem Chabang បានរឹបអូសសាច់ជ្រូកក្លាសេនាំចូលដោយខុសច្បាប់ជាង ៤លានគីឡូក្រាម។

តំណាងសមាគម និងក្រុមចិញ្ចឹមជ្រូកទូទាំងប្រទេស កាលពីពេលថ្មីៗនេះ បាននាំគ្នាទៅកាន់ទីក្រុងកំពង់ផែទឹក Laem Chabang ស្ដាប់ការពន្យល់ពីសាច់ជ្រូកខុសច្បាប់ខាងលើ។ បើតាមមន្ត្រីគយថៃ នៅក្នុង​ចំណោម​កុងតឺន័រ​ចំនួន ១៨៩ មាន១៤០កុងតឺន័រដែលផ្ទុកសាច់ជ្រូក និងឆ្អឹង​ដែល​ត្រូវ​បាន​គេ​នាំ​ចូល​ក្នុង​ប្រទេស​ដោយ​ខុស​ច្បាប់។ សាច់​ខុសច្បាប់ទាំងនេះត្រូវ​បាន​ប្រគល់​ឱ្យ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ ​យក​ទៅ​បំផ្លាញ​ចោល។

លោក Surachai Sutthitham ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកក្នុងប្រទេសថៃ ដែលបានដឹកនាំការធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Laem Chabang បាននិយាយថា លោកបានស្នើឲ្យមានការបង្កើតគណៈកម្មាធិការមួយ ដែលរួមមានតំណាងមកពីសមាគមអ្នកចិញ្ចឹមជ្រូក នាយកដ្ឋានគយ និងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ព្រមទាំងប៉ូលិស ដើម្បីដោះស្រាយការរត់ពន្ធសាច់ជ្រូកខុសច្បាប់។

លោក Sutthitham បន្ថែមទៀតថាការរត់ពន្ធសាច់ជ្រូកខុសច្បាប់ បាននិងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក និងសន្តិសុខស្បៀងអាហារ ខណៈអ្នករត់ពន្ធហាក់មិនញញើតនឹងច្បាប់ទាល់តែសោះ៕