(ប៉េកាំង)៖ សាកដីការបស់តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ បានចេញមកហើយមានចំនួន ៤៧៩ទំព័រ ដោយក្នុងនោះបានកាត់ សេចក្តីឲ្យហ្វីលីពីន ឈ្នះបណ្តឹងលើប្រទេសចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ បានកាត់សេចក្តីថា ប្រទេសចិនមិនមានសិទ្ធិគ្រប់គ្រងសមុទ្រចិនខាងត្បូង នោះឡើយដោយសម្រេច ឲ្យប្រទេសហ្វីលីពីន ឈ្នះក្តីលើបណ្តឹង ដែលបានបញ្ជូនទៅកាន់តុលាការនេះកាលពីឆ្នាំ ២០១៣។
ក្រោយទទួលបានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិស្តីពីបញ្ហាសមុទ្រចិនខាងត្បូងភ្លាមៗនោះ ក្រសួងការបរទេសចិន បានហៅលទ្ធផលនេះថា «ជាការបង្កើតក្តីឈឺចាប់» សម្រាប់ប្រទេសចិន ខណៈដែររដ្ឋាភិបាលហ្វីលីពីនក៏បានចេញ សេចក្តីថ្លែងការណ៍ ស្វាគមន៍ពេញទំហឹងភ្លាមៗដែរ ចំពោះការសមបំណង ដែលខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងចិនកាលពីឆ្នាំ ២០១៣នោះ។
សារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលហៅការសម្រេចនេះថា ជាទង្វើខុសច្បាប់អន្តរជាតិហើយ វាគ្រាន់តែជាការទាមទារជា ឯកតោភាគីដោយអតីតរដ្ឋាភិបាលហ្វីលីពីនដោយមានការ ការស្រែកបន្ទរពីបណ្តាប្រទេសសម្ព័ន្ធមិត្តមួយចំនួនប៉ុណ្ណោះ ខណៈដែលផ្លូវច្បាប់គឺតុលាការគ្មានយុត្តាធិការ លើរឿងនេះឡើយ ដូច្នេះសេចក្តីសម្រេចរបស់តុលាការគឺត្រូវបាន ទុកជាមោឃៈរួចជាស្រេចទៅហើយ។
តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ នៅទីក្រុងឡាអេប្រទេសហូឡង់ បានចែងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួន នៅមុននេះបន្តិចថា ប្រទេសចិនគ្មានសិទ្ធិអ្វីនៅក្នុងការទាមទារសិទ្ធិគ្រប់គ្រងគ្រប់យ៉ាង នៅដែនសមុទ្រចិនខាងត្បូងនោះឡើយ ហើយតុលាការ គាំទ្រលើការទាមទាររបស់ប្រទេសហ្វីលីពីន។
តុលាការអន្តរជាតិ បានបញ្ជាក់ថា ចិនពុំមានភស្តុតាងណាមួយ ដែលបញ្ជាក់តាមការអះអាងថារបស់ប្រទេសខ្លួនជាអ្នកគ្រប់គ្រង ទាំងស្រុងលើសមុទ្រចិនខាងត្បូងនេះ ជាប្រវត្តិសាស្ត្រកន្លងមកនោះឡើយ ទាំងលើដែនទឹក និងធនធានក្នុងសមុទ្រចិនខាងត្បូង។ កន្លងមកប្រទេសចិនបាន អះអាងលើការគ្រប់គ្រងអ្វីៗទាំងអស់នៅ សមុទ្រចិនខាងត្បូង រួមទាំងបណ្តុំថ្មប៉ប្រះទឹក និងប្រជុំកោះ ដែលទាំងអស់នេះក៏ត្រូវបានប្រទេសជុំវិញ សមុទ្រចិនខាងត្បូង អះអាងថាមានសិទ្ធិគ្រប់គ្រងដូចគ្នា។
សាលដីកាខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ប្រទេសចិនបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេស ហ្វីលីពីន។ បន្ថែមពីនេះទៀតតុលាការក៏បាននិយាយថា ចិនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅដល់ ធនធានធម្មជាតិដូចជា ថ្មប៉ះប្រះទឹក និងពពួកផ្កាថ្ម តាមរយៈការកសាងកោះសិប្បនិម្មិតមួយចំនួននៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនមិនទទួលយកឬទទួលស្គាល់សេចក្តីសម្រេច របស់តុលាការអន្តរជាតិទីក្រុងឡាអេ ទៅលើបញ្ហាសមុទ្រចិនខាងត្បូង ដែលធ្វើឡើងតាមការទាមទារ ជាឯកតោភាគីពីសំណាក់អតីតរដ្ឋាភិបាលហ្វីលីពីននោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «ការសម្រេចនេះ ត្រូវបានទុកជាមោឃៈ និងគ្មានការឯកភាព ជារួមនោះឡើយ»។ សិទ្ធិធ្វើនាវាចរ និងអធិបតេយ្យភាពរបស់ចិន ទៅលើដែនសមុទ្រចិនខាងត្បូងនឹងមិនត្រូវស្ថិតក្រោម កាលៈទេសៈណាមួយ ដែលត្រូវរងប៉ះពាល់ពីការសម្រេចបែបនោះឡើយ។ ចិនសូមប្រឆាំងនិងមិនទទួលយកការទាមទារ ឬសកម្មភាពណាមួយ ដោយយោងតែទៅលើសេចក្តីសម្រេចរបស់តុលាការនោះឡើយ៕