(ភ្នំពេញ)៖ ក្នុងរយៈពេល២០ថ្ងៃ នៃខែមេសា ឆ្នាំ២០២៣នេះ មានករណីចោរលួចទ្រព្យសម្បត្តិលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចំនួន១៤ករណី ហើយសម្ភារដែលចោរឧស្សាហ៍លួចជាងគេ រួមមាន៖ ដែករនាំងការពារ បូឡុង និងក្បាលបូឡុង។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាប្រធានក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះថា «តាមតួលេខនៃការបូកសរុប ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ពេលនេះ មានកើតឡើងករណីចោរលួចទ្រព្យសម្បត្តិផ្លូវ ចំនួន១៤លើក សម្ភារៈដែលចោរឧស្សាហ៍លួច រួមមាន៖ ដែករនាំងការពារ បូឡុង និងក្បាលបូឡុងជាដើម»។
បើតាមលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី ចំពោះករណីចោរលួចកន្លងមកធ្វើឲ្យមានការប៉ះពាល់ ដល់ចរាចរណ៍ទៅវិញទៅមករបស់ប្រជាជនក្នុងក្រុង ហើយក៏អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសន្តិសុខសង្គម។
ជាវិធានការចំពោះមុខ ដើម្បីទប់ស្កាត់ និងបង្ការករណីនេះ លោកបានអះអាងថា សមត្ថកិច្ចនឹងបង្កើនការល្បាតឲ្យចង្អៀត, ឃ្លាំមើល និងតាមដានមុខសញ្ញា, បំពាក់កាមេរ៉ាត្រួតពិនិត្យបន្ថែម នូវទីតាំងដែលពុំទាន់មានកាមេរ៉ាសុវត្ថិភាព និងសហការជាមួយមូលដ្ឋានផ្សព្វផ្សាយពីច្បាប់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន។
គួរជម្រាបថា កន្លងទៅនេះ សមត្ថកិច្ចក៏ធ្លាប់បានជនសង្ស័យដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិលើផ្លូវល្បឿននេះបានម្នាក់ផងដែរ ដើម្បីចាត់វិធានការបន្ដតាមផ្លូវច្បាប់៕