(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ហ្គេង ហ៊ួយជាំង រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១២ ខែកក្កដានេះ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ជាំង បានជំរាបសម្តេចតេជោថា លោក បានជួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍ សៅ សុខា និងនាយឧត្តមសេនីយ៍ នេត សាវឿន ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការស៊ើបការណ៍ ការផ្ទាល់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា។
លោក ជាំង បានបន្តថា ភាគីចិន នឹងជួយកម្ពុជា ដោយផ្តល់នូវគ្រឿងបរិក្ខាបច្ចេកទេសសំរាប់វិស័យសន្តិសុខ ហើយចិនក៏នឹងជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអំពីការប្រើប្រាស់គ្រឿងបរិក្ខាទាំងអស់នេះ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងគាំទ្ររាល់កិច្ចពិភាក្សាទាំងឡាយជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់បរិក្ខាដល់កម្ពុជា និងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ដោយសារភាគីចិន មានសម្ថភាព និងលទ្ធភាពជួយដល់កម្ពុជាលើវិស័យសន្តិសុខ៕