(សៀមរាប)៖ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា រួមសហការគ្នាផ្តើមកំណាយស្រាវជ្រាវនៅជិតព្រះបរមរាជវាំងអង្គរធំសម័យអង្គរ ដើម្បីរកព័ត៌មានបន្ថែម អំពីរោងសិតសំរិទ្ធក្នុងសម័យអង្គរ។ កំណាយស្រាវជ្រាវនេះ ធ្វើឡើងក្រោមគម្រោង «ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ» ដែលមានរយៈពេល៤ឆ្នាំពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។
គោលបំណងសំខាន់នៃគម្រោងគឺសិក្សាស្វែងយល់អំពីការផលិតស្ពាន់ និងសំលោហៈមួយចំនួនដូចជាសំរិទ្ធ សំណនិងទង់ដែងជាដើម ព្រមទាំងរចនាសម្ព័ន្ធចង្រ្កានស្លលោហធាតុដែលនៅជិត នឹងព្រះបរមរាជវាំងសម័យអង្គរ។ការសិក្សានេះធ្លាប់បាន ធ្វើកំណាយនៅទីនេះកាលពីឆ្នាំ២០១៣កន្លងទៅ ហើយបានប្រទះឃើញចង្រ្កានសិតសំរិទ្ធ ស្ពាន់ និងលោហធាតុដទៃទៀត។
មុនផ្តើមយុទ្ធនាការ ក្រុមអ្នកបុរាណវិទ្យាខ្មែរនិងបរទេស ក្រោមកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ាប្រទេស បានប្រារព្ធពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បី បើកកំណាយស្រាវជ្រាវមួយ ដែលស្ថិតនៅក្បែរកំពែងព្រះបរមរាជវាំង ខាងលិចទីលានសេ្តចគម្លង់ប្រហែល២០០ម៉ែត្រ នៅ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
គម្រោងនេះមានសហប្រធានពីររូប គឺលោក ត័ន ប៊ុនស៊ុយ តំណាងអាជ្ញាធរជាតិអប្សរា និងលោក Brice VINCENT តំណាងសាលាបារាំងចុងបូព៌ា។ លោក Brice VINCENT បានឲ្យដឹងថាបើ លទ្ធផលនៃគម្រោងស្រាវជ្រាវនេះ អាចនឹងបញ្ជាក់ថា ចក្រភពខ្មែរមានរោងជាងស្លលោហៈ ដែលធ្វើគ្រឿងអលង្ការ និងគ្រឿងប្រើប្រាស់សម្រាប់ព្រះបរមរាជវាំង ដែលក្នុងប្រទេសដទៃទៀត នៅអាស៊ីអាគ្នេយ៍មិនដែលមាន។ លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវបោះពុម្ពផ្សាយជាសាធារណៈ សម្រាប់អ្នកស្រាវជ្រាវនិងអ្នកសិក្សាទូទៅ។
គម្រោងស្រាវជ្រាវខាងលើ នឹងមានកម្មវិធីបណ្តុះបណ្តាលដល់អ្នកស្រាជ្រាវជាតិមកពីអាជ្ញាធរអប្សរានិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីបង្កើតឲ្យមាន អ្នកជំនាញការជាតិលើវិស័យ លោហកម្មបុរាណនេះផង។
អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា គឺ លោក ខៀវ ច័ន្ទ ដែលនឹងត្រូវសហការលើការងារកំណាយស្រាវជ្រាវនេះដែរ បានពន្យល់ថា ប្រសិនបើកំណាយនេះរកឃើញថាទីនេះមានរោងជាង ស្លស្ពាន់ដូចដែលអ្នកស្រាវជ្រាវបានសន្និដ្ឋាននោះ ប្រហែលជាអាចជួយឲ្យយើងឲ្យឃើញអំពីទំនៀមមួយ ដែលតែងតែមានរោងជាងរបៀបនេះសម្រាប់ព្រះបរមរាជវាំង ហើយរោងនោះសោត តែងស្ថិតនៅភាគខាងជើងនៃព្រះបរមរាជវាំងទៀតផង។ លោកបន្តថា សព្វថ្ងៃរោងជាងដូចគ្នានេះ ដែលគេគិតថានៅរក្សាតាមទំនៀមដើម គឺសាលារចនា ដែលស្ថិតនៅខាងជើងព្រះបរមរាជវាំង សព្វថ្ងៃ៕