(ក្រចេះ)៖ កូនផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ ៤ថ្ងៃ បានងាប់ដោយសារជាប់មង វេលាម៉ោង១០៖៣០នាទី នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដែលនេះជាផ្សោតទី២ហើយ ដែលបានងាប់ក្នុងឆ្នាំ២០២៣។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតងាប់នេះមានទម្ងន់ ១០គីឡូក្រាម ប្រវែង ០.៨៧ម៉ែត្រ អាយុប្រមាណ៤ថ្ងៃ រលាកស្បែក ដាច់កន្ទុយ និងដាច់ព្រួយចំហៀងទាំងសងខាង។ តាមរយៈនៃការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូនផ្សោតនេះងាប់ដោយជាប់មង។

ជាមួយគ្នានេះ កាលពីខែមីនាកន្លងទៅ ផ្សោតឈ្មោល បានស្លាប់ដោយសារជាប់មងដូចគ្នា នៅខេត្តស្ទឹងត្រែង។ ក្នុងឆ្នាំ២០២២ សត្វផ្សោតចំនួន១១ក្បាល បានស្លាប់ក្នុងនោះ ផ្សោតពេញវ័យ មានចំនួន៥ក្បាល កូនតូច ៤ក្បាល ជំទង់១ក្បាល និងចាស់ ១ក្បាល។

ការបាត់បង់សត្វផ្សោតជាបន្តបន្ទាប់នេះ ជាក្ដីបារម្ភរបស់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។ ដើម្បីការពារ និងអភិរក្សសត្វផ្សោត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ។ ក្នុងតំបន់នោះ ខេត្តស្ទឹងត្រែងមានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។

ទន្ទឹមនឹងនេះក្រសួងកសិកម្ម រុក្ខាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ ដៃគូពាក់ព័ន្ធ បាននឹងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ ដែលសត្វផ្សោតរស់នៅ ព្រមទាំងបានបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេមគង្គនេះ។

ជាលទ្ធផលការប្រើមង សន្ទូចរនង និងឧបករណ៍ឆក់មានការថយចុះប្រមាណពី៥០ ទៅ៦០%។ ទោះយ៉ាងនេះក្តី ការឆ្លៀតឱកាសប្រើមង សន្ទូចរនង និងការលួចប្រើឧបករណ៍ឆក់ បានកើតមានក្នុងកន្លែងមួយចំនួន ដែលជាហេតុនាំឱ្យសត្វផ្សោតងាប់។

ជាថ្មីម្តង ទៀតរដ្ឋបាលជលផល សូមអំពាវនាវដោយទទូចដល់បងប្អូនប្រជានេសាទ ត្រូវប្រើប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វផ្សោត សម្រាប់ការទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូល និងសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់ និងថែរក្សាបន្ត៕