(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី បានអន្តរាគមន៍ ជួយដោះស្រាយបញ្ហាជូន ពលការិនីខ្មែរ០២រូប ដែលបានទៅធ្វើការជាស្រ្តីបំរើតាមផ្ទះ នៅប្រទេសសិង្ហបុរី តាមរយៈក្រុមហ៊ុន នាំពលករនៅសិង្ហបុរី ឈ្មោះ A.C TOH ENTERPRISES ហើយមានបញ្ហាសុខភាព អោយបានត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ពលការិនីខ្មែរទាំង០២រូប មានឈ្មោះ រស់ សុផល អាយុ ៣២ ឆ្នាំ បានទៅធ្វើការនៅប្រទេសសិង្ហបុរីតាំងពីខែឧសភា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុន នាំពលករខ្មែរឈ្មោះ Philimore Cambodia Co., Ltd ។ មួយរូបទៀតឈ្មោះ មម ផល្លា អាយុ ៣១ឆ្នាំ បានទៅធ្វើការនៅប្រទេសសិង្ហបុរី តាំងពីខែមីនា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននាំពលករខ្មែរ ឈ្មោះ Ung Rithy Group Co., Ltd ។
ដោយមានការអន្តរាគមន៍ពី ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី ក្រុមហ៊ុននាំពលករនៅសិង្ហបុរី A.C TOH ENTERPRISES បានឯកភាពរៀបចំឯកសារ និងបើកប្រាក់ខែ ឱ្យពលការិនីទាំងពីរ។ពលការិនីខ្មែរទាំងពីររូបខាងលើ នឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦ តាមជើងយន្តហោះ3K591 វេលាម៉ោង ១៩:៣០នាទី។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តណាននីង ប្រទេសចិន បានសហការសម្របសម្រួល ជាមួយអាជ្ញាធរចិន រៀបចំដំណើរមាតុភូមិនិវត្តន៍ ដល់ស្រ្តីខ្មែមួយរូបឈ្មោះ វង្ស ចន្ធី អាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ដែលត្រូវបានប៉ូលីសចិនឃាត់ខ្លួន ពីបទហួសកំណត់ទិដ្ឋាការ ស្នាក់នៅប្រទេសចិន។ ស្រ្តីខ្មែររូបនេះ បានមកដល់ភ្នំពេញហើយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦៕