(ភ្នំពេញ)៖ លោក លី សុផាណា ព្រះរាជអាជ្ញារងដែល ទទួលចាត់ការនៅក្នុងសំណុំរឿង ឃាតកម្មលើ លោក កែម ឡី បានអះអាងថា ការសាកសួរលើខ្មាន់កាំភ្លើង នៅល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦នេះ ផ្តល់ប្រយោជន៍ និងតម្រុយជាច្រើន សម្រាប់ការស៊ើបអង្កេត និងការចោទប្រកាន់។
លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈសារអេឡិចត្រូនិចថា «ការសួរចម្លើយនេះ បានផ្តល់ប្រយោជន៍ និងតម្រុយជាច្រើន សម្រាប់ការសើបអង្កេត និងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ» ។ ជនដៃដល់ដែលសារភាពប្រាប់សមត្ថកិច្ចថាខ្លួនឈ្មោះ «ជួប សម្លាប់» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ជាលើកទី២ បន្ទាប់ពីផ្អាកការសួរចម្លើយ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។ ការសាកសួរលើជនដៃដល់ រូបនោះ នឹងបន្តជាលើកទី៣ នៅតុលាការក្រុងភ្នំពេញ នៅថ្ងៃស្អែកនេះ។
លោក លី សុផាណា ពុំបានផ្តល់ព័ត៌មាន លម្អិតជុំវិញអត្តសញ្ញាណ និងឈ្មោះពិតប្រាកដ របស់ជនដៃដល់នៅឡើយទេ ដោយអះអាងថា នឹងជូនព័ត៌មានបន្ថែមនៅថ្ងៃស្អែក។ លោកថា «យើងខ្ញុំនឹងជូនព័ត៌មាន បន្តទៀតនៅថ្ងៃស្អែក និងសូមមេត្តាទុកពេលឱ្យ យើងខ្ញុំធ្វើការពិនិត្យនិង សម្រេចនៅក្នុងរឿងក្តីនេះ»។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បី នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុងអង្គុយ ទទួលទានកាហ្វេ។ លោកត្រូវឃាតកបាញ់ចំនួន២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ ហើយឃាតករដែលបាញ់សម្លាប់ លោក កែម ឡី ម្នាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន បានក្រោយកើតហេតុភ្លាមៗតែម្តង៕