(ភ្នំពេញ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា កៅស៊ូ គឺជាដំណាំអទិភាពសម្រាប់ខេត្តត្បូង ដោយក្នុងមួយឆ្នាំៗ ខេត្តនេះទទួលបានចំណូលពីដំណាំកៅស៊ូ មិនតិចជាង ១២០លានដុល្លារអាមេរិកនោះទេ។
ការលើកឡើងរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ធ្វើឡើងក្នុង សន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តត្បូងឃ្មុំ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោកបានថ្លែងបន្តថា បច្ចុប្បន្ននេះ នៅខេត្តត្បូងឃ្មុំ មានផ្ទៃដាំដុះកៅស៊ូ ប្រមាណជាង៨ម៉ឺនហិកតា ក្នុងនោះដាំដុះជាលក្ខណៈក្រុមហ៊ុនមានប្រមាណជាង៣ម៉ឺនហិកតា និងដាំជាលក្ខណៈគ្រួសារមានជាង៥ម៉ឺន៥ពាន់ហិកតា និងទទួលបានទិន្នផលសរុបប្រមាណ ៨០ ៩៧៥ តោន ដោយផ្តល់ចំណូល ១២០,៥៥៤,៧១១លានដុល្លាអាមេរិក។
លោកបន្ថែមថា បច្ចុប្បន្ននេះ នៅខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនកែច្នៃកៅស៊ូ ចំនួន៥ក្រុមហ៊ុន បាននិងកំពុងកែច្នៃកៅស៊ូសម្រាប់នាំចេញ។
ដោយឡែកដំណាំដែលមានសក្តានុពលសម្រាប់ខេត្តនេះផ្សេងទៀតដូចជា ដំឡូងមី ស្វាយចន្ទី ពោតក្រហម ម្រេច ស្វាយកែវរមៀត ផ្តល់ចំណូលបានប្រមាណជាង ២៧០លានដុល្លារអាមេរិក។
ជាមួយគ្នានេះរដ្ឋបាលខេត្ត បានរៀបចំឱ្យមានរោងចក្រ និងសិប្បកម្ម កែច្នៃស្វាយចន្ទី ចំនួន២ទីតាំង ដោយក្នុងមួយឆ្នាំៗនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានជាង៣ពាន់តោន។
បើតាមអភិបាលខេត្តត្បូងឃ្មុំ ផ្ទៃដីដាំដុះដំឡូងមី មានប្រមាណជាង៥ម៉ឺន៣ពាន់ហិកតា ប្រមូលបាន ១,០២២,១៥២តោន, ស្វាយចន្ទី ដាំដុះលើផ្ទៃដី ៨ ៩៨៥ហិកតា ទទួលបានទិន្នផល ១១ ៦២៨តោន, ពោតក្រហម ដាំដុះលើផ្ទៃដី ១១ ២២៥ហិកតា ទទួលបានទិន្នផល ៦៥ ០៥១តោន, ម្រេចដាំដុះលើផ្ទដី ៣ ៣៧០ហិកតា ប្រមូលផលបាន ៨ ២២០តោន និងស្វាយកែវរមៀត ដាំដុះលើផ្ទៃដី ២ ៧២៥ ហិកតា ទទួលបានទិន្នផល ៤៥ ៧០០តោន៕