(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ទទួលស្វាគមន៍គណៈប្រតិភូថៃ ដឹកនាំដោយលោក ឆៃសិទ្ធ ផានីផុង អភិបាលខេត្តសុរិន្ទ ដែលអញ្ជើញ​មកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមន្រ្តីរាជការក្នុងខេត្តកំពង់ធំ និងជួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំ នៃខេត្តទាំងពីរ ដើម្បីជម្រុញដល់ការចុះហត្ថលេខាលើអនុស្សារណៈ នូវកិច្ចព្រមព្រៀង​យោគយល់គ្នា នាពេលអនាគតក្នុងគោលបំណង រិតចំណងមេត្រីភាពរវាងខេត្តសុរិន្ទ និងខេត្តកំពង់ធំ។

ក្នុងឱកាសនៃ​កិច្ចពិភាក្សាសំណេះសំណាល នាសាលាខេត្តកំពង់ធំ លោក អ៊ុត សំអន បានលើកបង្ហាញប្រាប់ដល់លោក ឆៃសិទ្ធ ផានីផុង នូវភូមិសាស្រ្តស្រុក-ក្រុង និងចំនួនប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់​ធំ ដោយបានបញ្ជាក់ពីសក្តានុពលមាន វិស័យកសិកម្ម និងឧស្សាហកម្ម នៅក្នុងខេត្តកំពង់ធំ ដែលកំពុងតែត្រូវបានយកចិត្តទុកដាក់ លើដំណាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី ស្រូវ និងដំណាំជាច្រើនទៀត។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ឆៃសិទ្ធ ផានីផុង អភិបាលរងខេត្តសុរិន្ទ បានកោតសរសើរនូវចំណងមិត្តភាពរវាងខេត្តទាំងពីរថា លោកមានការជឿជាក់ថា អភិបាលខេត្តទាំងពីរ និងថ្នាក់ដឹក​នាំរាជរដ្ឋាភិបាល នឹងជម្រុញដល់ការចុះហត្ថលេខា លើអនុស្សារណៈ នូវកិច្ចព្រមព្រៀងយោគយល់គ្នា ដើម្បីរិតចំណងមេត្រីភាពរវាងខេត្តសុរិន្ទ និងខេត្តកំពង់ធំ ចំពោះបញ្ហាការរុករានបំផ្លាញព្រៃឈើ និងត្រូវរួមគ្នាទប់ស្កាត់ ការពារផលប្រយោជន៍ប្រទេសទាំងពីរ និងរក្សាសម្ព័ន្ធមេត្រីភាពជាមួយគ្នា ហើយក្រុមការងារទាំងពីរ និងជួបពិភាក្សាគ្នា នាពេលអនាគតបន្តទៀត។

ជាមួយគ្នានេះ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងថា ចាប់តាំងឆ្នាំ២០១៣ កន្លងមក ខេត្តទាំងពីរ បានធ្វើការទំនាក់ទំនងប្រជុំពិភាក្សាជាមួយគ្នារហូតមក ដោយសមាសភាពថ្នាក់ ដឹកនាំខេត្តសុរិន្ទមានការផ្លាស់ប្តូរ ទើបធ្វើការងារការចុះអនុស្សារណៈយោគយល់គ្នានេះ មានការយឺតយ៉ាវ ដោយផ្អែកទៅលើឯកសារពង្រាង ដើម្បីឈានទៅដល់ការចុះហត្ថលេខា​លើអនុស្សារណៈ​យោគ​យល់គ្នា ដែលត្រូវបានផ្តោតទៅលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ អប់រំ សុខាភិបាល ពាណិជ្ជកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ និងវប្បធម៌សិល្បះ និងវិស័យឯកជនមួយចំនួនទៀត  ដើម្បីឲ្យតាម​មន្ទីរ​ជំនាញវិស័យខេត្តទាំងពីរធ្វើការងារជាមួយគ្នា ដោយមានលោកអភិបាលខេត្តទាំងពីរ ជាប្រធាន។

សូមជម្រាបថា ក្នុងកិច្ចពិភាក្សារវាងខេត្តទាំងពីរ ត្រូវបានឯកភាពគ្នា នូវចំណុចសំខាន់ៗជាច្រើន និងបង្កើនល្បឿននៃការចុះកិច្ចព្រមព្រៀង ក្នុងដំណើរការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសុរិន្ទ និងខេត្តកំពង់ធំ និងអនុវត្តតាមច្បាប់ប្រទេសទាំងពីរ៕