(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការជំរុញការលើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាផ្នែកមួយដ៏សំខាន់ណាស់ក្នុងការរួមចំណែកដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។
លោក អ៉ិត សំហេង លើកឡើងបែបនេះក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការជំរុញការអនុវត្ត ប្រកាសរួមលេខ ៣៣០ ស.ក.ប.យ ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស និងប្រកាសរួមលេខ ១៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងឱកាសនោះ លោក អ៉ិត សំហេង បានផ្តល់អនុសាសន៍ និងក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើការជំរុញដល់និយោជក គ្រូពេទ្យ សហគ្រាស និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមរោងចក្រ សហគ្រាសទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ មុនពេលប្រកបវិជ្ជាជីវៈជាគ្រូពេទ្យសហគ្រាសនៅនាយកដ្ឋានពេទ្យការងារ។
លោកបានបន្តណែនាំឱ្យត្រូវស្នើសុំលិខិតប្រកបមុខរបរជាគ្រូពេទ្យសហគ្រាសរៀងរាល់ពីរឆ្នាំម្តង ដែលចេញដោយនាយកដ្ឋានពេទ្យការងារ។ ត្រូវចុះឈ្មោះនៅក្នុងគណៈវិជ្ជាជីវៈសុខាភិបាលទៅតាមជំនាញនីមួយៗ ដើម្បីអាចមានសិទ្ធិប្រកបមុខរបរជាគ្រូពេទ្យប្រចាំរោងចក្រ សហគ្រាស ឱ្យស្របតាមប្រកាសរួមលេខ១៣៩ ស្តីពីលក្ខ័ខ័ណ្ឌ និងបេសកកម្មសេវាពេទ្យសហគ្រាស។
លោកថា ក្នុងឆ្នាំ២០២២កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញការអនុវត្តច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តតាមរយៈយន្តការអធិការកិច្ចការងារ ក្នុងនោះបានចុះអធិការកិច្ចការងារសរុបចំនួន២,៣១១លើក ដោយចុះអធិការកិច្ច ការងារសាមញ្ញចំនួន១,៩៥២លើក អធិការកិច្ចតាមដានការដាក់កំហិតចំនួន២៥លើក និងអធិការកិច្ចការងារពិសេសចំនួន៣៦១លើក។
ក្រៅពីនេះ មានប្រកាស និងដាក់ឱ្យប្រើប្រាស់សៀវភៅគោលការណ៍ណែនាំស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានសម្រាប់ជាឧបករណ៍ណែនាំ និងចង្អុលបង្ហាញពីរបៀបនៃការរៀបចំគិលានដ្ឋានសហគ្រាសគ្រឹះស្ថានដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយការងារផ្នែកសេវាកម្ម សុខភាពនៅកន្លែងធ្វើការ។
ក៏មាននូវការផ្តល់ការបណ្តុះបណ្តាលដល់គ្រូពេទ្យសហគ្រាសបានចំនួន៣វគ្គ ដែលមានគ្រូពេទ្យសហគ្រាសចូលរួមសរុបចំនួន៣៣៥នាក់។
លើសពីនេះក្រសួងក៏បានផ្តល់លិខិតអនុញ្ញាតប្រកបមុខរបរជាគ្រូពេទ្យសហគ្រាសបានចំនួន៣៣០នាក់ ដល់គ្រូពេទ្យសហគ្រាសដែលបានទទួលការបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះ សុវត្ថិភាព និងសុខភាព ការងារសម្រាប់គ្រូពេទ្យសហគ្រាស៕