(ព្រៃវែង)៖ មនុស្សចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ហើយត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្នុងសំណុំរឿង២ផ្សេងគ្នា។ ចំពោះករណីនេះ តុលាការអះអាងថា ពុំជាប់ពាក់ព័ន្ធទៅនឹងរឿងនយោបាយនោះទេ។

សាលាដំបូងខេត្តព្រៃវែង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មានថា ជនត្រូវចោទមានចំនួនសរុប៤នាក់៖ ទី១ឈ្មោះ អៀង ជា, ទី២ឈ្មោះ ហេង សំអឿន។ ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៣ មេសា ២០២៣ ពីបទការក្លែងបន្លំប្រើប្រាស់លិខិតក្លែង និងបទសមគំនិតអំពើក្លែងបន្លំ តាមមាត្រា២០៤ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

រីឯជនត្រូវចោទ២នាក់ទៀត ទី១ឈ្មោះ សេង វិសាល (ហៅទូច) ភេទស្រី និងទី២ឈ្មោះ ប៊ិន ចូង អាយុ៦២ឆ្នាំ អ្នកទាំង២នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ពីបទការក្លែងបន្លំប្រើប្រាស់លិខិតក្លែង និងបទសមគំនិតអំពើក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង តាមមាត្រា២០៤ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

បើតាមលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងបន្ថែមថា រាល់នីតិវិធីនៃការចោទប្រកាន់ និងឃុំខ្លួនជនត្រូវចោទទាំង៤នាក់ខាងលើ គឺមិនពាក់ព័ន្ធនឹងនិន្នាការនយោបាយនោះទេ ពោលគឺពួកគាត់ប្រព្រឹត្តបទល្មើសដោយខ្លួនឯង។

បើតាមលោក ចាន់ វណ្ណៈ ក្នុងរឿងរ៉ាវនេះមានជនរងគ្រោះជាដើមចោទចំនួន២នាក់ផ្សេងគ្នា ហើយសំណុំរឿងក៏ពីរដាច់ដោយឡែកពីគ្នាដែរ។ សំណុំរឿងទី១លេខ២០៣ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដែលមានដើមចោទឈ្មោះ ឈឺ ឈាន អាយុ៥០ឆ្នាំ បានប្ដឹងឈ្មោះ អៀង ជា និងឈ្មោះ ហេង សំអឿន, សំណុំរឿងទី២លេខ២៥៦ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ដែលមានដើមចោទឈ្មោះ ប៉ង់ ហ៊ុន បានប្ដឹងឈ្មោះ សេង វិសាល និងឈ្មោះ ប៊ិន ចូង។ បច្ចុប្បន្នជនត្រូវចោទទាំង៤នាក់ខាងលើកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង៕