(ភ្នំពេញ)៖ លោក Rene Gradwohl តំណាងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បានបញ្ជាក់ឲ្យដឹងថា មូលនិធិរីករាយនឹងបណ្តុះបណ្តាល និងហ្វឹកហ្វឺន មន្រ្តីក្រសួងមហាផ្ទៃឲ្យមានជំនាញក្នុង ការសរសេរសេចក្តីព្រាងច្បាប់ តាមរយៈការបើកជាសិក្ខាសាលាជាដើម។ លោកថា បើមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មូលនិធិអន្តរជាតិមួយនេះ នឹងរៀបចំសិក្ខាសាលា ដើម្បីបណ្តុះបណ្តាល និងហ្វឹកហ្វឺនមន្រ្តីក្រសួងមហាផ្ទៃ ឲ្យមានជំនាញក្នុងការសរសេរសេចក្តីព្រាងច្បាប់ ប្រកបរដោយវីជ្ជាជីរៈ និងមានស្តង់ដារ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យ លោក Rene Gradwohl តំណាងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរជួបពិភាក្សា ការងារ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកនឹងពិនិត្យមើលទៅលើសៀវភៅណែនាំសេចក្តីព្រាងច្បាប់ ដែលមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ប្រគ់ឲ្យជាមុនសិន បើមានបញ្ហា ឫមានចំណុចណាមួយដែលអាចឲ្យមូលនិធិជួយបាន សម្តេចក្រឡាហោម ស ខេង នឹងស្នើឡើងជាក់ជាមិនខាន។
តែយ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង មិនទាន់អាចបញ្ជាក់ថា យល់ព្រមលើសំណើររបស់ មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ចង់បណ្តុះបណ្តាល និងហ្វឹកហ្វឺនមន្រ្តីក្រសួងមហាផ្ទៃ ឲ្យមានជំនាញក្នុងការសរសេរសេចក្តីព្រាងច្បាប់នៅឡើយទេ។
ក្រៅពីការលើកឡើងខាងលើ សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យ មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរជួយកម្ពុជា បន្តទៀតក្នុងការកែទម្រង់ វិមជ្ឈមការ និង វិសហមជ្ឈមការក្នុងការផ្ទេរអំណាច ថ្នាក់ក្រោមជាតិផងដែរ។
សម្តេចបន្តថា កន្លងមកមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បានជួយដល់កម្ពុជាច្រើន រួមមានការជួយកែទម្រង់ វិមជ្ឈមការ និងវិសហមជ្ឈមការ,បទបញ្ជាផ្ទៃក្នុងរដ្ឋសភា, ជួយអភិវឌ្ឍន៍កម្មវិធីសិក្សា របស់ក្រសួងអប់រំ និងជួយដល់ផែនការមេ នៅខេត្តបាត់ដំបងលើការគ្រប់គ្រងសំណល់រាវ និងរឹង។
មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បានសង្កត់ធ្ងន់លើការងារពីរ ដែលខុនរ៉ាដនឹងជួយកម្ពុជា ទី១ គឺការបណ្តុះបណ្តាលបេក្ខជនដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំសារនយោបាយ និងនិយាយជាសាធារណៈ។ ចំណុចទី២ គឺជួយក្រសួងយុត្តិធម៌ ប្រាប់ពីរបៀបរបរផ្សព្វផ្សាយជាផ្លូវការលើសេចក្តីព្រាងច្បាប់ប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បានសហការជួយដល់កម្ពុជា ជាង២០ឆ្នាំហើយ លើផ្នែកអប់រំ, រដ្ឋសភា, ក្រសួងមហាផ្ទៃ,និងក្រសួងយុត្តិធម៌ជាដើម៕