(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញទឹកចិត្តក្នុងនាមជាមេដឹកនាំប្រទេស គឺតែងតែគិតគូរយកចិត្តទុកដាក់ព្រួយបារម្ភ ថែរក្សាការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ប្រៀបប្រដូចទៅនឹងការយកចិត្តទុកដាក់ចំពោះឪពុកម្ដាយ និងកូនចៅរបស់សម្ដេចយ៉ាងដូច្នេះដែរ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានរំឭកអំពីការខិតខំទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន កាត់បន្ថយអត្រាមរណភាព និងខិតខំស្ដារសេដ្ឋកិច្ច សង្គមឡើងវិញ រហូតដល់សម្រេចបានមកដល់ថ្ងៃនេះ។

កាលពីអំឡុងពេលចូលឆ្នាំខ្មែរនៅឆ្នាំ២០២២ ដែលពេលនោះថ្វីដ្បិតស្ថានភាពកូវីដ១៩មានការធូរស្រាល ប៉ុន្តែកម្ពុជានៅមានកាតព្វកិច្ច៣កុំ៣ការពារនៅឡើយ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខដឹកនាំប្រទេស ពិតជាមានការភ័យព្រួយចំពោះអាយុជីវិតរបស់ប្រជាជនយ៉ាងខ្លាំង ពីព្រោះតែប្រជាជនដែលបានដើរលេងថ្ងៃបុណ្យចូលឆ្នាំ គឺច្រើនកុះករមែនទែន។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ធ្វើជាមេដឹកនាំគេ ខ្ញុំពិតជាភ័យព្រួយ អ្នកដទៃមិនដឹងគេគិតយ៉ាងម៉េចទេ ក៏ប៉ុន្តែសម្រាប់ខ្លួនខ្ញុំ ខ្ញុំមានភារកិច្ចការពារពួកគាត់ដូចជាការពារឪពុកម្ដាយរបស់ខ្ញុំ កូនចៅរបស់ខ្ញុំ»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ដោយសារការខិតខំទប់ស្កាត់ការឆ្លងរីករាលដាល ការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការពង្រឹងវិធានការការពារផងនោះ ក៏បានធ្វើឱ្យអត្រានៃការឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះជាលំដាប់ រហូតដល់មានការធូរស្រាលដូចពេលបច្ចុប្បន្ននេះ។

ទោះបីមានការធូរស្រាលហើយក្ដី ប៉ុន្តែប្រជាពលរដ្ឋនៅកម្ពុជានៅតែអនុវត្តតាមវិធានការមួយចំនួន។ ទើបតែថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះទេ ដែលវិធានការទាំងឡាយនោះត្រូវបានលើកលែងទាំងអស់ តាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ការពាក់ម៉ាស ឬមិនពាក់ម៉ាស គឺជាជាជម្រើសរបស់ប្រជាជនម្នាក់ៗ៕