(សៀមរាប)៖ អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន១៤១គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប។
អំណោយសប្បុរសធម៌ទាំងនេះត្រូវបានប្រគល់ជូនគ្រួសាររងគ្រោះនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តាមរយៈលោកស្រី ទៀង អេង ទៀសីហា ព្រមទាំងវត្តមានលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងសមាជិក-សមាជិកា ប្រតិភូកាកបាទក្រហមសាខាខេត្តសៀមរាប អាជ្ញាធរដែនដី។
លោកស្រី ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
លោកស្រីក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តការដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមប្រជាពលរដ្ឋទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់នេះ និងត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
បើតាមរបាយការណ៍របស់លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានបញ្ជាក់ថា ចំពោះគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង១៤១គ្រួសារ (រលំផ្ទះ១ខ្នង និងរបើកដំបូល/ជញ្ជាំង១៤០ខ្នង) នៅឃុំចំនួន១០ គឺឃុំសង្វើយ១ភូមិ ចំនួន១ខ្នង, ឃុំអន្លងសំណរ១ភូមិ មានផ្ទះ៣ខ្នង, ឃុំគោកធ្លកលើ មាន២ភូមិ ចំនួន៣ខ្នងផ្ទះ, ឃុំល្វែងឬស្សី មាន២ភូមិ មាន៥ខ្នង (រលំផ្ទះ១ខ្នង និងរបើក៤ខ្នង), ឃុំជីក្រែង មាន៤ភូមិ របើក៥ខ្នង, ឃុំពង្រក្រោម មាន៨ភូមិ ចំនួន១០ខ្នង, ឃុំស្ពានត្នោត មាន៧ភូមិ ចំនួន១២ខ្នង, ឃុំកំពុងក្ដី មាន៩ភូមិ ចំនួន៣៧ខ្នង, ឃុំធ្លកក្រោម មាន៩ភូមិ ចំនួន៤០ខ្នង, និងឃុំខ្វាវ មាន១ភូមិ មានចំនួន២៥ខ្នផ្ទះ។
ចំពោះអំណោយដែលបានចែកជូន គឺសម្រាប់គ្រួសារដែលរលំផ្ទះ១គ្រួសារ បានទទួលអំណោយជាអង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក និងថវិកាចំនួន១៥ម៉ឺនរៀល ព្រមទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។
ចំណែកគ្រួសាររងគ្រោះដោយសារខ្យល់របើកដំបូល/ជញ្ជាំង១៤០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបានបានទទួលអំណោយជាអង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក និងថវិកាចំនួន១០ម៉ឺនរៀល ព្រមទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕