(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋានអាស៊ាន បានបញ្ចេញខ្លីបវីឌីអូរយៈពេល ១ នាទី និង ៣០ វិនាទី ដែលសង្ខេបពីសកម្មភាពសំខាន់ៗរយៈពេល ១០០ថ្ងៃដំបូង នៃការចូលកាន់តំណែងរបស់លោកបណ្ឌិត កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ាន ចាប់តាំងពីទី៩ ខែមករា ឆ្នាំ២០២៣។
នៅក្នុងខ្លីបវីឌីអូនោះ បានឱ្យដឹងថា លោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងសកម្មភាពទាំងអស់ចំនួន ២២៦ សកម្មភាព ក្នុងនោះបានចូលរួមក្នុងកិច្ចប្រជុំចំនួន ១៨០ កិច្ចប្រជុំ បានទៅទស្សនកិច្ចនៅប្រទេសចំនួន ៤ រួមមាន ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសចិន។ បន្ថែមលើនោះ លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីផ្សេងៗ ដូចជាបុណ្យជាតិរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន ចំនួន ៣៨ លើក បានទទួលការជូនសារតាំងពីឯកអគ្គរាជ/រដ្ឋទូតចំនួន ៧ ប្រទេស ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ព្រមទាំង បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានបរទេសចំនួន ៥ និងបានធ្វើបឋកថាជាសាធារណៈចំនួន ៣ លើក នៅក្នុងប្រទេសឥណ្ឌូណេស៉ី ប្រទេសថៃ និងប្រទេសចិន។
នៅក្នុងសារខ្លីបវីឌីអូនេះ លោកបណ្ឌិត កៅ គឹមហួន បានបានបញ្ចេញសារដែលមានខ្លឹមសារថា៖ «នៅក្នុងឱកាស ១០០ ថ្ងៃដំបូង របស់ខ្ញុំ ក្នុងនាមជាអគ្គលេខាធិការអាស៊ាន សូមអនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ដើម្បីសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រដល់សាធារណរដ្ឋឥណ្ឌូណេស៉ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ សមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ានទាំងអស់ ក៏ដូចជា ដៃគូខាងក្រៅផ្សេងទៀត ព្រមទាំង តួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ការផ្តល់នូវការគាំទ្រពេញលេញ ដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងសម្រាប់ការចូលរួមចំណែកដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើសពីហ្នឹងទៀត។ ក្នុងនាមជាមនុស្សម្នាក់ ដែលត្រូវបានផ្តល់ទំនុកចិត្តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក្នុងការបំពេញទំនួលខុសត្រូវដ៏មានសារៈសំខាន់នេះ ដោយមានការជួយគាំទ្រពីសហការី នៅលេខាធិការដ្ឋានអាស៊ាន ខ្ញុំនឹងធ្វើការរួមគ្នាយ៉ាងពេញលេញ និងយ៉ាងជិតស្និទ្ធជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា តំបន់យើងគឺជាតំបន់ នៃសន្តិភាព វិបុលភាព និងសក្តានុពល ដែលបម្រើឱ្យប្រជាជន ភពផែនដី និងភាពជាដៃគូរបស់យើងបានយ៉ាងល្អប្រសើរ»។
សូមជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បាននិងកំពុងដឹកនាំលេខាធិការដ្ឋានអាស៊ានយ៉ាងសកម្ម ដោយខិតខំធ្វើយ៉ាងណាឱ្យលេខាធិការដ្ឋានអាស៊ានក្លាយជាមជ្ឈមណ្ឌលនៃការទូត ព័ត៌មាន សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដោយមានសកម្មភាពជាច្រើន និងទទួលជួបភ្ញៀវសឹងតែរាល់ថ្ងៃ ដើម្បីបញ្ជៀបការយល់ដឹង និងការគិតបែបវិជ្ជមានអំពីអាស៊ាន ដល់ឥស្សរជនបរទេស ដែលមានមួយចំនួន គិតបែបអវិជ្ជមានអំពីអាស៊ាន។ ក្រៅពីនោះ លោកអគ្គលេខាធិការអាស៊ាន ក៏ខិតខំជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នៅក្នុងរង្វង់ប្រទេសអាស៊ាន និងជាមួយប្រទេសជាដៃគូអាស៊ានផងដែរ។ បន្ថែមលើនេះ លោកបាននិងកំពុងជំរុញការកៀរគរអាហារូបករណ៍ សម្រាប់និស្សិតអាស៊ាន បានទៅសិក្សានៅប្រទេសជាដៃគូរបស់អាស៊ាន។
សូមជម្រាបជូនថា នៅក្នុងទស្សនកិច្ចទៅប្រទេសចិន កាលពីចុងខែមីនា កន្លងទៅនេះ រដ្ឋាភិបាលខេត្តហៃណាន់ បានសន្យាផ្តល់ជូនអាហារូបករណ៍ចំនួន ១០០ កន្លែង ជារៀងរាល់ឆ្នាំ ដល់និស្សិតអាស៊ាន ដែលជាការចាប់ផ្តើម ហើយក៏មានប្រទេសមួយចំនួនទៀត បានសន្យានឹងផ្តល់អាហារូបករណ៍ដល់និស្សិតអាស៊ានផងដែរ នៅពេលជួបជាមួយលោកអគ្គលេខាធិការអាស៊ាន៕