(ភ្នំពេញ)៖ ប្រាក់ចំណូលថវិកាជាតិជាង ៨២៨លានដុល្លារអាមេរិក ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលបានពីការបង់ពន្ធ គ្រប់ប្រភេទនៅឆមាសទី១ ឆ្នាំ២០១៦នេះ។
កិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួម របស់មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់អំពីលទ្ធផល នៃការគ្រប់គ្រងប្រមូល ចំណូលពន្ធសម្រាប់ខែមិថុនា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារ ដោយទទួលបានចំនួន ៤៨០ ២១៥.៨៨ លានរៀល (ប្រមាណ១២០.០៥ លានដុល្លារ)។ សម្រាប់ឆមាសទី១ ឆ្នាំ២០១៦ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន មានចំនួន ៣ ៣១៥ ១១៤.៤៩ លានរៀល (ប្រមាណ ៨២៨.៧៨ លានដុល្លារ)។ ប្រសិនបើប្រៀបធៀប នឹងរយៈពេល ដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ រយៈពេល០៦ខែ ឆ្នាំ២០១៦ កើនឡើងចំនួន ៥០៦ ០៥០.៨៦ លានរៀល (ប្រមាណជា១២៦.៥១ លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ១៨.០១%។
លោកបញ្ជាក់ទៀតថា ក្នុងរយៈពេលដូចគ្នានេះដែរ ឃើញថាក៏មានការកើនឡើង ផងដែរនូវចំណូលពន្ធ-អាករតាមប្រភេទពន្ធសំខាន់ៗមួយចំនួន ដូចជា ពន្ធលើប្រាក់ចំណេញកើនឡើង ប្រមាណ៥៧.៨% ពន្ធលើប្រាក់បៀវត្សកើនឡើងប្រមាណ ១៩.១% អាករលើ តម្លៃបន្ថែមកើនឡើងប្រមាណ ២.៩% និងអាករពិសេស មានការកើនឡើង ប្រមាណ ២៥%។ ចំណែកឯចំណូលពន្ធ-អាករ តាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរ គ្រប់ប្រភេទអាជីវកម្ម ផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវសេចក្តីកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងមន្រ្តីរាជការពន្ធដារ គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្តទុកដាក់ ដឹកនាំគ្រប់គ្រងប្រមូលចំណូលពន្ធផ្ទៃក្នុង រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ សម្រាប់រយៈពេល០៦ខែ ដើមឆ្នាំ២០១៦នេះ ក៏ដូចជារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រ និងឯកភាពទាំងស្រុងចំពោះវិធានការខាងលើ ដែលបានដាក់ចេញដោយ លោកគង់ វិបុល ព្រមទាំងណែនាំបន្ថែមដល់អគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តជំរុញអនុវត្តបន្តនូវផែនការសកម្មភាព និងកម្មវិធីកែទម្រង់ ក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធពិសេស ពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងមក ព្រមទាំងពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការកែលម្អគោលនយោបាយ ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីស្នើសុំការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងបំណងទាក់ទាញនិងលើកទឹកចិត្ត ដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមដល់ អគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់ អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕