(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងពីការឡើងចុះនៃតម្លៃប្រេងនៅលើពិភពលោក ដែលធ្វើឲ្យតម្លៃប្រេងសាំងនៅកម្ពុជា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកើនឡើងបន្តិចដែរ។

សម្តេចតេជោបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយគ្រប់គ្រង លើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ធ្វើយ៉ាងណាកុំឲ្យមានការដំឡើងថ្លៃប្រេងតាមអំពើចិត្ត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមានរថយន្តចំនួនជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង ដែលធ្វើឲ្យមានតម្លៃការប្រេងឥន្ធនៈ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឥឡូវប្រទេសរបស់យើងមានរថយន្តជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង វាច្រើនណាស់ មួយថ្ងៃៗសាំងនោះស្រែកនោះៗ ហើយឥឡូវសាំងវាឡើងថ្លៃ តែមិនយូរទេវាឡើងចុះៗ យើងមិនមែនប្រទេសផលិតប្រេងទេ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឲ្យដំឡើងថ្លៃតាមចិត្ត»

សូមជម្រាបថា រាជរដ្ឋាភិបាលតាមរយៈ​ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុននាំចូល ដើម្បីធានាថាបរិមាណប្រេងនឹងមានគ្រប់គ្រាន់សម្រាប់លក់ និងរក្សាតម្លៃប្រេងសម្រាប់លក់រាយ (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ឱ្យមានតម្លៃសមរម្យមួយ មិនឱ្យឡើងថ្លៃហួសពេកឡើយ​ ​ខណៈក្រុមហ៊ុននាំចូល​មានស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ តាមការតម្រូវផងដែរ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា អ្វីដែលធ្វើឱ្យតម្លៃប្រេងប្រែប្រួល គឺបណ្តាលមកពីតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ នាំឱ្យតម្លៃប្រេងលក់រាយនៅកម្ពុជាឡើង ឬថយចុះ ប៉ុន្តែ​សម្រាប់កត្តាដែលរាជរដ្ឋាភិបាល អាចគ្រប់គ្រងនៅក្នុងស្រុកបាន ដូចជាពន្ធគយ ពន្ធលើប្រាក់ចំណេញជាដើម គឺរក្សានៅដដែលទាំងអស់។ ហេតុនេះហើយប្រសិនបើតម្លៃប្រេង នៅលើទីផ្សារឡើងខ្ពស់ ហើយបង្ខំឱ្យក្រុមហ៊ុនលក់ប្រេងក្នុងតម្លៃថោកជាងតម្លៃ ដែលពួកគេនាំចូលមក នឹងធ្វើឱ្យពួកគេមិនអាចដំណើរការបាននោះទេ។ ​ប៉ុន្តែយ៉ាងនេះ​ក្តី រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ដោយរដ្ឋបានធ្វើការឧបត្ថម្ភធនជាបន្តបន្ទាប់៕