(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានរំលឹកនូវរឿងរ៉ាវមួយ ដែលបង្ហាញពីភាពគឃ្លើនមុនដកតំណែង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដែលត្រូវបានដកតំណែង បន្ទាប់ពីដកកាំភ្លើងភ្ជង់អ្នកដទៃ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អគ្គនាយករងម្នាក់នោះ ក្រោយដកកាំភ្លើងភ្ជង់គេ ​នៅពេលបញ្ជូនទៅតុលាការ ហើយតុលាការមិនបានចោទប្រកាន់នោះ ស្រាប់តែចេញមកវិញ ជិះរថយន្ដទៅក្រឡឹងផ្ទះជនរងគ្រោះថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្ដឹងសុំកិច្ចអន្ដរាគមន៍ សម្ដេចបានចុះហត្ថលេខាភ្លាម ដើម្បីដកហូតតំណែង និងប្រគល់ឲ្យស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃមុនតុលាការគេអត់ព្រមចោទប្រកាន់ អគ្គនាយករងអាកាសចរស៉ីវិលម្នាក់ រឿងនេះត្រូវគេកាត់ទោសតែមិនកាត់ទោស ហើយចេញទៅក្រឡឹងផ្ទះគេទៀត។ ដាក់ពាក្យបណ្ដឹងអន្ដរាគមន៍មកខ្ញុំ ខ្ញុំចុះហត្ថលេខារួចហើយបង្ហោះថា បើតុលាការមិនកាត់ទោសតាមច្បាប់ទេ ខ្ញុំអនុវត្តវិន័យមុន។ កុំអីខ្ញុំដេញចេញពីក្របខ័ណ្ឌទៀត តែនេះគ្រាន់តែដកពីតួនាទី កុំឲ្យចេះតែមានកាំភ្លើងទៅគំរាមគេឯង»

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ មន្ត្រីអាកាសចរណ៍ស៊ីវិល ដែលសម្តេចតេជោ បានបញ្ចប់តំណែងនេះ ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយការបញ្ជាក់បែបនេះ «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាម​អ្នកទន់ខ្សោយ»។ សម្តេចតេជោ បន្ថែមថា «នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់»

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ កុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត​។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៩៖៤០នាទី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតបើករថយន្តចេញពីហូបអីនៅខណ្ឌទួលគោក សំដៅទៅផ្ទះនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។ ជនរងគ្រោះ រង់ចាំប្រហែល៥នាទី ទើបស៊ីប្លេរថយន្តមួយដង និងបើកភ្លើងហ្វាជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។

ពេលនោះ លោក បែល វ៉ាន់ដែត បានបើកដេញតាមពីក្រោយរថយន្តជនរងគ្រោះ​ដល់​ចំណុចកើតហេតុ រួចជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ​ពីក្នុង​រថយន្ត ដោយសួរថា «មុនហ្នឹងស៊ីប្លេដាក់នរណា? រួចក៏បើកថយន្តគេចខ្លួនបាត់»។ ក្រោយកើតហេតុនោះកម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួន ហើយបានបញ្ជូនលោក បែល វ៉ាន់ដែត ទៅកាន់តុលាការនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕