(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះវីរភាព និងការខិតខំរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលនៅប្រចាំការត្រៀមពិនិត្យ-ព្យាបាលសុខភាព ក៏ដូចជាការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ ស្របពេលដែលប្រជាពលរដ្ឋកំពុងកម្សាន្តសប្បាយទូទាំងប្រទេស។

ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងកោតសរសើរទៅកាន់អាជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក៏ដូចជាទីវត្តអារាម និងកន្លែងនានាដែលបានចាត់ចែងរៀបចំកម្មវិធីកម្សាន្តជូនប្រជាពលរដ្ឋ កាលពីពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ។ ពួកគេបានឈរជើងការពារប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ។

សម្ដេចតេជោបានបន្តថា ក្រុមគ្រូពេទ្យដែលយើងហៅថាកងទ័ពអាវសនោះ ពួកគាត់ក៏អត់បានទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ប្ដីប្រពន្ធកូន ទទួលទេវតាឆ្នាំដូចប្រជាពលរដ្ឋទូទៅនោះដែរ ពោលគឺត្រូវនៅប្រចាំការថែទាំអ្នកជំងឺ ឬប្រចាំការនៅមន្ទីរពេទ្យ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងសប្បាយរីករាយនឹងការជួបជុំគ្រួសារ លេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «កងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ពួកគាត់នោះអត់បានជួបប្ដីប្រពន្ធកូនដូចយើងទេ ត្រូវនៅការពារសន្តិសុខសម្រាប់ការសប្បាយរបស់យើង (ប្រជាពលរដ្ឋ)។ ឯមួយទៀត គ្រូពេទ្យអាវសនេះ មួយចំនួនអត់បានទៅទទួលទេវតាទេ ព្រោះនៅថែទាំអ្នកជំងឺ ត្រូវឃើញវីរភាពកន្លែងហ្នឹង កុំឃើញចំណុចខ្វះចន្លោះមួយចំនួន រួចហើយនាំគ្នាវាយប្រហារ»

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលារបស់ក្រុមគ្រូពេទ្យ អាជ្ញាធរដែនដី កម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបុព្វហេតុថែទាំសុខមាលភាព រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស។

គួរជម្រាបថា រៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យទានផ្សេងៗ គេតែងឃើញមានកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី ក៏ដូចជាក្រុមគ្រូពេទ្យនៅប្រចាំការជាប់ជានិច្ច ដើម្បីត្រៀមពិនិត្យ-ព្យាបាលសុខភាព ក៏ដូចជាការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ខណៈក្រុមគ្រូពេទ្យខ្លះក៏នៅប្រចាំការថែទាំអ្នកជំងឺនៅឯមន្ទីរពេទ្យរៀងៗខ្លួនផងដែរ៕