(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះបានថ្លែងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ មានពលរដ្ឋចំនួន ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញ ដោយមិនគិតថ្លៃ ទៅស្រុកកំណើត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយពេលឃើញប្រជាពលរដ្ឋ ប្រើប្រាស់សេវារថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការចំណាយ និងបានជួយឲ្យរថយន្តឈ្នួល ឬតាក់ស៉ី មិនដំឡើងថ្លៃដូចពេលមុនៗ។
សម្តេចបញ្ជាក់ថា ការណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ បានធ្វើជាច្រើនឆ្នាំមកហើយ តាំងពីជំនាន់លោក ប៉ា សុជាតិវង្ស នៅជាអភិបាលរាជធានីភ្នំពេញមកម្ល៉េះ លើកលែងតែពេលមានការផ្ទុះ ការរីករាលដាលជំងឺកូវីដ១៩ ប៉ុណ្ណោះដែលមានបានធ្វើ។
សម្តេចតេជោនាយករដ្ឋមន្ត្រីលើកឡើងទៀតថា ការជិះរថយន្តក្រុងសាធារណៈនេះ មានកម្លោះក្រមុំខ្លះបានស្គាល់គ្នា និងរាប់អានគ្នា ហើយអាចនឹងឈានដល់រៀបការជាមួយគ្នា។ ប្រសិនបានរៀបការជាមួយគ្នា អាចអញ្ជើញសម្តេចបាន។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សុំអរគុណឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តក្រុងដឹកជញ្ជូន ប្រជាជនប្រមាណជា៥ម៉ឺននាក់ ចេញទៅលេងស្រុក។ ខ្ញុំប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែដំណាក់កាលកូវីដទេ ខ្ញុំចង់ដេញថ្លៃជាមួយក្រុមរថយន្តឈ្នួល និងតាក់ស៉ី ពូកែឡើងថ្លៃកប់ពពក...ខ្ញុំសង្កត់មើល ឥឡូវរថយន្តក្រុងបន្ថែមទៀត ដល់អីចឹងទៅអត់ឡើងថ្លៃដែរ។ គេនិយាយថា ខ្លះគេស្គាល់គ្នាលើរថយន្តក្រុង ពេលជិះទៅស្រុកជាមួយគ្នា ហើយសង្ឃឹមថាអាចមាននារី និងបុរស ដែលនៅកម្លោះក្រមុំអាចក្លាយជាប្តីប្រពន្ធនឹងគ្នា ហើយថ្ងៃក្រោយបើសិនជាមាននរណារៀបការ ផ្ញើសំបុត្រអញ្ជើញខ្ញុំផង»។
សូមជម្រាបថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់។ ការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ត្រូវបានកំណត់ទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់៕