(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសនៅមុននេះបន្តិចថា ខ្លួនមិនទទួលយកឬទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការ អន្តរជាតិទីក្រុងឡាអេ ទៅលើបញ្ហាសមុទ្រចិនខាងត្បូង ដែលធ្វើឡើងតាមការទាមទារ ជាឯកតោភាគីពីសំណាក់អតីតរដ្ឋាភិបាល ហ្វីលីពីននោះឡើយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «ការសម្រេចនេះ ត្រូវបានទុកជាមោឃៈ និងគ្មានការឯកភាព ជារួមនោះឡើយ»។ សិទ្ធិធ្វើនាវាចរ និងអធិបតេយ្យភាពរបស់ចិន ទៅលើដែនសមុទ្រចិនខាងត្បូង នឹងមិនត្រូវស្ថិតក្រោម កាលៈទេសៈណាមួយ ដែលត្រូវរងប៉ះពាល់ពីការសម្រេចបែបនោះឡើយ។ ចិនសូមប្រឆាំង និងមិនទទួលយកការទាមទារ ឬសកម្មភាពណាមួយ ដោយយោងតែទៅលើសេចក្តីសម្រេចរបស់តុលាការនោះឡើយ។
ខ្លឹមសារតុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចែងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា៖
ប្រទេសចិនគ្មានសិទ្ធិអ្វីនៅក្នុងការទាមទារសិទ្ធិគ្រប់គ្រងគ្រប់យ៉ាង នៅដែនសមុទ្រចិនខាងត្បូងនោះឡើយ ហើយតុលាការគាំទ្រលើ ការទាមទាររបស់ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
តុលាការអន្តរជាតិ បានបញ្ជាក់ថា ចិនពុំមានភស្តុតាងណាមួយ ដែលបញ្ជាក់តាមការអះអាងថារបស់ប្រទេសខ្លួនជាអ្នកគ្រប់គ្រង ទាំងស្រុងលើ សមុទ្រចិនខាងត្បូងនេះ ជាប្រវត្តិសាស្ត្រកន្លងមកនោះឡើយ ទាំងលើដែនទឹក និងធនធានក្នុងសមុទ្រចិនខាងត្បូង។ កន្លងមកប្រទេសចិនបាន អះអាងលើ ការគ្រប់គ្រងអ្វីៗទាំងអស់នៅសមុទ្រចិនខាងត្បូង រួមទាំងបណ្តុំថ្មប៉ប្រះទឹក និងប្រជុំកោះ ដែលទាំងអស់នេះក៏ត្រូវបានប្រទេសជុំវិញសមុទ្រចិនខាងត្បូង អះអាងថា មានសិទ្ធិគ្រប់គ្រងដូចគ្នា។
សាលដីការបស់តុលាការខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ប្រទេសចិនបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេស ហ្វីលីពីន។ បន្ថែមពីនេះទៀតតុលាការ ក៏បាននិយាយថា ចិនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅដល់ ធនធានធម្មជាតិដូចជា ថ្មប៉ះប្រះទឹក និងពពួកផ្កាថ្ម តាមរយៈការកសាង កោះសិប្បនិម្មិតមួយចំនួននៅសមុទ្រចិនខាងត្បូង៕