(ភ្នំពេញ)៖ រថយន្តយីឌុបមួយគ្រឿង ពេលកំពុងចុះពីស្ពានមុនីវង្សថ្មី ស្រាប់តែជាន់ហ្វ្រាំងមិនជាប់ ជ្រុលបុករបាំងថ្ម ដែលគរទុកចោល លើខឿនបណ្តាលឲ្យបាក់២កង់ ហើយជ្រុលបុកគូថរថយន្តតាក់ស៊ី មួយគ្រឿងទៀត ព្រមទាំងពេលនោះមានម៉ូតូមួយគ្រឿង បើកលឿន ចាប់ហ្វ្រាំងរអិលដួលចូលក្រោមរថយន្តបង្ក តែសំណាងល្អ មិនមាននរណារងរបួសនោះទេ។ ករណីគ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង៣៖៣០នាទី​រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅគល់ស្ពានមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ភ្លាមៗនោះ សមត្ថកិច្ចប្រចាំការ​សម្រួលចរាចរណ៍ នៅចំណុចកើតហេតុ បានប្រញាប់អូសយករថយន្តបង្ក និងរថយន្តរងគ្រោះ ព្រមទាំងម៉ូតូ មកនៅអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅ ដើម្បីដោះ​ស្រាយសំណង និងការខូចខាតជាក្រោយ៕