(ភ្នំពេញ)៖ គិតត្រឹមម៉ោង៥៖០០ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមិនទាន់ បង្ហាញអំពីការចោទប្រកាន់លើជនដៃដល់ ដែលបាញ់សម្លាប់បណ្ឌិត កែម ឡី នៅឡើយទេ ទោះបីជាសួរចម្លើយរយៈពេល២ថ្ងៃ ហើយក៏ដោយ។
ជនដៃដល់ដែលអះអាងថាឈ្មោះ «ជួប សម្លាប់» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ជាលើកទី២ បន្ទាប់ពីបញ្ចប់ការសួរចម្លើយនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះបើតាមប្រភពពីមន្រ្តីតុលាការ។ ប្រភពដដែលបានបញ្ជាក់ថា ការសាកសួរលើជនដៃដល់រូបនេះ នឹងបន្តជាលើកទី៣ នៅថ្ងៃស្អែកនេះ។
សូមបញ្ជាក់ថា ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗបន្ទាប់ពី បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅស្តាម៉ាត (Star Mart) នៃស្ថានីយ៍សាំងកាលតិច ត្រង់ចំណុចស្តុបបូកគោ កាលពីម៉ោង៨៖៥០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
កន្លងទៅ នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់រូបនេះ គ្រាន់តែសារភាពថា រូបគេបានសម្លាប់បណ្ឌិត កែម ឡី អ្នកវិភាគឯករាជព្រោះតែ ជំពាក់ប្រាក់៤ពាន់ដុល្លារមិនសងប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា រហូតដល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការណាមួយ របស់សមត្ថកិច្ច ដើម្បីបញ្ជាក់ច្បាស់លាស់អំពីអត្តសញ្ញាជននេះនៅឡើយទេ៕