(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដើម្បីពិនិត្យលទ្ធផលនៃការចរចាបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងផ្តល់គោលការណ៍ណែនាំលើកិច្ចការមួយចំនួនដល់ក្រុមការងារ ដើម្បីមានមូលដ្ឋានសម្រាប់ការចរចា បន្តនាពេលអនាគត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានរាយការណ៍ជូនអង្គប្រជុំអំពីសាវតា និងដំណើរការ នៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមប្រកាសបើកជាផ្លូវការ និងការចរចាជុំទី១ នៅថ្ងៃទី ២៤-២៦ ខែ តុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី និងបញ្ចប់ការចរចានៅជុំទី ៣ កាលពីថ្ងៃទី ២០-២២ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅទីក្រុងឌុយបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបានប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការរវាងរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។

កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកភាពជាដៃគូសេដ្ឋកិច្ច តាមរយៈការបង្កើនការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដើម្បីឧត្តមប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងចក្ខុវិស័យកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចព្រមព្រៀង ដែលមានលក្ខណៈទាន់សម័យ និងឆ្ពោះទៅមុខអនាគតនេះ ត្រូវបានចែកចេញជា ១៨ ជំពូក, ២៨៤ មាត្រា និង ១២ ឧបសម្ព័ន្ធ ដោយក្នុងនោះក៏មានដាក់បញ្ចូលនូវសមាសធាតុមួយចំនួន ដែលនឹងផ្តល់បន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា នវានុវត្តន៍ សម្រាប់ឧស្សាហកម្ម និងសេវាកម្ម ផងដែរ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងកា្លយជាសមិទ្ធផលកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មីបន្ថែមទៀតជូនជាតិ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ច កម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ពិភពលោក និងពិសេសនៅតំបន់មជ្ឈឹមបូព៌ា។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបាននូវឱកាសកាន់តែប្រសើរជាងមុនលើការនាំចេញផលិតផលសក្កានុពលរបស់ខ្លួនទៅទីផ្សាររបស់អាមីរ៉ាតអារ៉ាប់រួម។ ជាមួយគ្នានេះដែរ ក្រៅពីរបាំងពន្ធគយ ត្រូវបានលុបបំបាត់ និងកាត់បន្ថយនោះ វិធានការមិនមែនពន្ធ និងវិធានដើមកំណើត ក៏ដូចជាបែបបទ និងនីតិវិធីពាក់ព័ន្ធនឹងពាណិជ្ជកម្ម ក៏ត្រូវបានធ្វើឱ្យប្រសើរឡើង និងមានលក្ខណៈសាមញ្ញជាងមុន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ចំពោះការវិនិយោគ កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មីបន្ថែមជូនប្រជាពលរដ្ឋ។ កត្តាទាំងនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក និងគាំទ្រដល់ដំណើរការចាកចេញរបស់កម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខផងដែរ។

បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់, អង្គប្រជុំបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់លើលទ្ធផល ដែលក្រុមការងារនីមួយៗសម្រេចបាននៅក្នុងការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងបានលើកទឹកចិត្ត ឲ្យក្រុមការងារពន្លឿនដំណើរការនៃការសម្អាតអត្ថបទច្បាប់ ដើម្បីឈានទៅចុះហត្ថ-លេខាលើកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំលើកិច្ចការជាក់លាក់មួយចំនួនដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំបន្ត និងត្រៀមចរចាលើកិច្ចការមួយចំនួននាពេលអនាគតផងដែរ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសសមាជិកក្រុមការងារចរចារបស់កម្ពុជា ដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងជួយគាំទ្រដល់ដំណើរការនៃការចរចាកិច្ចព្រមព្រៀងនេះ និងបានជូនពរដល់អង្គប្រជុំទាំងមូលនាឱកាសចូលឆ្នាំថ្មីនេះ ឱ្យជួបប្រទះតែសេចក្តីសុខ និងទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិ៕