(ប៉េកាំង)៖ ក្រោយទទួលបានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងភ្លាមៗនោះ ក្រសួងការបរទេសចិន បានហៅលទ្ធផលនេះថា «ជាការបង្កើតក្តីឈឺចាប់» សម្រាប់ប្រទេសចិន ខណៈដែលរដ្ឋាភិបាល ហ្វីលីពីន ក៏បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍យ៉ាងពេញទំហឹងភ្លាមៗផងដែរ ចំពោះការសមបំណងដែលខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងចិនកាលពីឆ្នាំ ២០១៣នោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ BBC នារសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
សារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសចិន ដែលហៅការសម្រេចនេះថា ជាទង្វើខុសច្បាប់ អន្តរជាតិហើយ វាគ្រាន់តែជាការទាមទារជា ឯកតោភាគីដោយអតីតរដ្ឋាភិបាលហ្វីលីពីន ដោយមានការការស្រែកបន្ទរពីបណ្តាប្រទេសសម្ព័ន្ធមិត្តមួយចំនួនប៉ុណ្ណោះ ខណៈដែលផ្លូវច្បាប់គឺតុលាការគ្មានយុត្ថាធិការ លើរឿងនេះឡើយ ដូច្នេះសេចក្តីសម្រេចរបស់តុលាការគឺត្រូវបាន ទុកជាមោឃៈរួចជាស្រេចទៅហើយ៕