(រតនគិរី)៖ ស្របពេលដែលផ្លែសំរ៉ង កំពុងមានហាងឆេងខ្ពស់ នៅលើទីផ្សារប្រទេសវៀតណាមនោះ ប្រជាសហគមន៍នៅស្រុកតាវែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី សប្បាយចិត្តប្រមូលផល តែសមត្ថកិច្ចខិលខូចមួយចំនួន បានគប់គិតគ្នាចាំស្ទាក់ចាប់យកលុយពេលដឹកយកទៅលក់។

ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណ ២៤៖១០នាទី ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ មានកម្លាំងអាវុធហត្ថមួយក្រុមចាំស្ទាក់ចាប់រថយន្ត ១គ្រឿង ដឹកផ្លែសំរ៉ងប្រមាណ ៦០០គីឡូក្រាម ត្រង់ចំណុចវាលរំប្លង់ ស្ថិតក្នុងឃុំថារ៉ងជង រួចយកមករក្សាទុកនៅទីបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ រួចបញ្ជូនបន្តទៅរក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើ។

ក្រុមឈ្មួញរកស៊ីដឹកផ្លែសំរ៉ង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ថា «តម្លៃផ្លែសំរ៉ងលេខ១ ក្នុង១គីឡូក្រាម ៩ម៉ឺនរៀល, លេខ២ ក្នុង១គីឡូក្រាម ៨ម៉ឺនរៀល ដើមចមដែលកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ ចាំស្ទាក់ចាប់រថយន្តដឹកផ្លែសំរ៉ងខាងលើនេះ ដោយសារតែក្រុមឈ្មួញមិនទិញផ្លែសំរ៉ងពីមន្ត្រីអាវុធហត្ថស្រុកតាវែងម្នាក់ ព្រោះគុណភាពមិនល្អ (លាយផ្លែសំរ៉ងខ្ចី) បើទិញមកលក់បន្តមានតែខាត ដូច្នេះទិញអ្នកផ្សេងទើបកើតរឿងបែបនេះ»។

ទាក់ទិនទៅនឹងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ ចាប់រថយន្តដឹកផ្លែសំរ៉ងខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធខេត្តរតនគិរី បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសាថា គាត់មិនដឹងរឿងចាប់រថយន្តដឹកផ្លែសំរ៉ងនោះ ព្រោះកូនចៅមិនរាយការណ៍។

ព័ត៌មានកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ ចាប់រថយន្តដឹកផ្លែសំរ៉ងខាងលើនេះ ផ្អើលដល់ថ្នាក់ដឹកនាំខេត្ត, ភ្លាមៗលោក ញ៉ែម សំអឿន អភិបាលខេត្ត បានអន្តរាគមន៍ឱ្យជំនាញ និងមន្ត្រីពាក់ព័ន្ធដោះលែងរថយន្តដឹកផ្លែសំរ៉ងនោះ លុះរហូតដល់ម៉ោងប្រមាណ ២១៖៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ទើបដោះលែងពីខ័ណ្ឌរដ្ឋបាលព្រៃឈើរតនគិរី។

ក្រោយពីមានការអន្តរាគមន៍ពីលោកអភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តផងនោះ រថយន្តដឹកផ្លែសំរ៉ង ត្រូវដោះលែងទាំងយប់ ប៉ុន្តែត្រូវចំណាយថ្លៃបាយថ្លៃទឹកអស់ច្រើនណាស់៕