(បាត់ដំបង)៖ ត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង មានផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១,៣៥៨គ្រួសារ (ខ្នងផ្ទះ) លើស្រុកចំនួន១៣ ក្នុងឃុំចំនួន៩០ និងភូមិ ២១៣ភូមិ ក្នុងនោះ ប៉ើងដំបូលទាំងស្រុងចំនួន ១៩៨ខ្នង ប៉ើងដំបូលកម្រិតធ្ងន់ចំនួន ៦៥៦ខ្នង និងប៉ើងដំបូលកម្រិតស្រាលចំនួន ៥០៤ខ្នង រងគ្រោះរបួសមនុស្សចំនួន៧នាក់ រន្ទះបាញ់ស្លាប់១នាក់ ងាប់គោ ៦ក្បាល និងខូចខាតសម្ភារប្រើប្រាសជាច្រើនទៀត ហើយក្រុមគ្រួសាររងគ្រោះទាំងអស់ បានទទួលអំណោយពីសាខាខេត្ត អនុសាខាស្រុក ក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ។
ភ្លាមៗដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យក្រុមការងារសាខាដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខា និងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមន្តរាយសាខា នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានសហកាជាមួយអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យ និងវាយតម្លៃនៃផលប៉ះពាល់បន្ទាន់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ច្រើនជាងគេ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។
លោក យ៉ាន ឧត្តម បានបញ្ជាក់ថា តាមរយៈនៃការចុះពិនិត្យជាក់ស្តែង និងបានវាយតម្លៃតាមខ្នងផ្ទះផ្ទាល់ ក្នុងនោះផលប៉ះពាល់សរុបទាំងអស់ក្នុងស្រុករុក្ខគិរី មានចំនួន ៤៦៧ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង ចំនួន ១៣៤ខ្នង ប៉ើងដំបូកកម្រិតធ្ងន់ចំនួន ១៨៥ខ្នង និងកម្រិតស្រាលចំនួន ១៤៥ខ្នង បណ្តាលឱ្យរងរបួសចំនួន៨នាក់ និងរន្ទះបាញ់សម្លាប់មនុស្ស ១នាក់ ងាប់គោ ចំនួន២ក្បាល ប៉ះពាល់លើភូមិចំនួន២៦ និងឃុំចំនួន៥ នៃស្រុករុក្ខគីរី ក្នុងនោះរួមមាន៖
ទី១៖ ឃុំព្រែកជីក ប៉ះពាល់សរុបចំនួន ៣៤៨ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុងចំនួន ១២៣ខ្នង ធ្ងន់ធ្ងរចំនួន ១០៨ខ្នផ្ទះ ស្រាលចំនួន១១៧ខ្នង លើភូមិចំនួន៦ សាលារៀនមួយ ក្នុងនោះរបួសមនុស្ស៧នាក់ ។
ទី២៖ ឃុំព្រែកត្រឡាច ប៉ះពាល់សរុបចំនួន ៤៧ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុងចំនួន ៣ខ្នង ធ្ងន់ធ្ងរចំនួន ៣៦ខ្នងផ្ទះ, ស្រាលចំនួន៨ខ្នង (លើភូមិចំនួន៦)។
ទី៣៖ ឃុំស្តុកប្រវឹកប៉ះពាល់សរុបចំនួន ៣៩ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុងចំនួន ៣ខ្នង ធ្ងន់ធ្ងរចំនួន ២៨ខ្នងផ្ទះ,ស្រាលចំនួន ៨ខ្នង (លើភូមិចំនួន៨)។
ទី៤៖ ឃុំបាសាក់ប៉ះពាល់សរុបចំនួន ២៨ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុងចំនួន ៤ខ្នង ធ្ងន់ធ្ងរចំនួន ៩ខ្នងផ្ទះ ស្រាលចំនួន១៥
ខ្នង (លើភូមិចំនួន៤)។
និងទី៥៖ ឃុំមុខរាហ៍ប៉ះពាល់សរុបចំនួន៥ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុងចំនួន១ខ្នង ធ្ងន់ធ្ងរចំនួន៤ខ្នងផ្ទះ, រន្ទះបាញ់ស្លាប់មនុស្ស ១នាក់ (លើភូមិចំនួន២)។
យ៉ាងណាក៏លោក យ៉ាន ឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិ ដែលអាចនឹងកើតឡើងជាយថាហេតុ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុមការងារចុះជួយបានទាន់ពេលវេលាផងដែរ៕