(កំពង់ឆ្នាំង)៖ ផ្ទះថ្មីមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ កម្ពស់៣ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រគល់ជូនគ្រួសារលោក ស៊ីវ សីហា អាយុ៤២ឆ្នាំ ជាយោធិនពិការដោយសារគ្រាប់មីន នៅសមរភូមិបន្ទាយលង្វែក (កាលពីឆ្នាំ១៩៩១) បច្ចុប្បន្នរស់នៅភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
លោក ស៊ីវ សីហា និងប្រពន្ធឈ្មោះ ទូច សុខន អាយុ ៤២ឆ្នាំ ពិការភាពពីកំណើត ព្រមទាំងមានកូន៤នាក់ ក្នុងបន្ទុកបានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់គេហដ្ឋានដ៏សែនកក់ក្តៅ និងមានតម្លៃ មួយខ្នងនេះ ដែលគ្រួសាររបស់លោកមិនធ្លាប់នឹកស្រម៉ៃថា នឹងមាន ដូចថ្ងៃនេះ។
រាល់ថ្ងៃនេះ គ្រួសារលោក ស៊ីវ សីហា រស់នៅលើទូក យកទូកធ្វើជាផ្ទះសម្បែង ដោយពុំមានដីធ្លីសម្រាប់រស់នៅឡើយ។ លុះដល់កូនធំៗត្រូវចូលសិក្សារៀនសូត្រ ទើបគ្រួសារមួយនេះ បានឡើងលើគោកមកស្នាក់អាស្រ័យជាមួយបងប្អូន លើដីអ្នកជិតខាង។ ដោយមើលឃើញពីភាពលំបាកនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដោះស្រាយទិញដីមួយកន្លែង ទទឹង ១១ម៉ែត្រ បណ្តោយទល់នឹងច្រាំងទន្លេ ជូនជាកម្មសិទ្ធិដល់គ្រួសារលោក ស៊ីវ សីហា និងបានស្នើសុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយសាងសង់ផ្ទះមួយខ្នងខាងលើនេះ ជូនគ្រួសារគាត់ អស់ទឹកប្រាក់ចំនួន ៧,៤៤៧ដុល្លារ។ ជាមួយនឹងការប្រគល់ជូនផ្ទះនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភបន្ថែមពីលើទៀតនូវ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា កន្ទេល សម្ភារៈផ្ទះបាយ និងថវិកាចំនួន ២០០,០០០រៀល ទៀតផង។
ជាមួយគ្នានោះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ចាស់ៗ និងប្រជាពលរដ្ឋក្រីក្រនៅក្នុងភូមិព្រែកឆ្តោ ចំនួន៤០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥០,០០០រៀល។ ទន្ទឹមនឹងនោះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា បានពិភាក្សាជាមួយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ដើម្បីឲ្យទទួលយកកុមារកំព្រា៣នាក់បងប្អូន ដែលកំពុង មានជំងឺប្រចាំកាយ ហើយត្រូវឪពុកម្តាយបោះបង់ចោល សព្វថ្ងៃរស់នៅជាមួយជីតា និងម្តាយមីង ឲ្យបានទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ដើម្បីទទួលបានការព្យាបាលជំងឺ និងការអប់រំសិក្សារៀនសូត្រដូចក្មេងៗដទៃទៀតដែរ។
នារសៀលថ្ងៃដដែលនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី អគ្គលេខាធិការរងទី១ បានចុះសួរសុខទុក្ខ និងពិនិត្យលទ្ធភាពផ្តល់ការទំនុកបម្រុងដល់ការសិក្សារៀនសូត្ររបស់ កុមារី ប៊ូ លីតា អាយុ១៤ឆ្នាំ ដែលមានជីវភាពខ្វះខាត រស់នៅតែពីរនាក់ជីដូននិងចៅ នៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕