(សៀមរាប)៖ លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រណាល តំណាងអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាឃុំ និងកងវិស្វកម្មចុះពិនិត្យ រៀបចំជួលជុលផ្លូវ ១ខ្សែប្រវែង ៣,៨០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិទួលរវៀង ភូមិមានជ័យ និងភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់។
ផ្លូវនេះនឹងបើកការដ្ឋានជួសជុសថ្ងៃទី២១ ខែមេសា ខាងមុខនេះ ស្ថិតនៅក្នុងគំរោងចំណាយថវិកាប្រមាណជិត ២ម៉ឺនដុល្លារ និងមានរយៈពេលជួសជុលប្រមាណ២០ថ្ងៃ ដោយក្នុង ១ថ្ងៃចំណាយថវិកា ៨០០ដុល្លារ (ថ្លៃគ្រឿងចក្រ ៤គ្រឿង ក្នុង១ថ្ងៃ ៥០០ដុល្លារ ថ្លៃប្រេង និងអាហារ ៣០០ដុល្លា) គ្រឿងចក្រចំនួន ៤គ្រឿង រួមមាន៖ រេវឺល័រមួយគ្រឿង រ៉ូឡូមួយគ្រឿង ឡានទឹកធំពីរគ្រឿង។
ឆ្លៀតក្នុងឱកាស តាងនាមឱ្យប្រជាពលរដ្ឋនៅទីនេះផ្ទាល់ លោក សឹង្ហ សំរឹទ្ធិ សូមអំពាវនាវដល់សប្បុរសជននានា ដែលមានសទ្ធាជ្រះថ្លាចូលរួមចាប់មគ្គផលក្នុងការជួសជុលផ្លូវ ដោយចូលរួមជាថវិកាតាមសទ្ធារៀងៗខ្លួន។
សប្បុរសជនអាចទំនាក់ទំនងឧបត្ថម្ភ តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ៧៧ ៧៧ ៤៣/ ០៨៧ ៧៧ ៧៧ ១៤៕