(ភ្នំពេញ)៖ ដើម្បីចូលរួមជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា គេសង្កេតឃើញមានថ្នាក់ដឹកនាំជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នករកស៊ី ឬសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគតាមទឹកចិត្ត និងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីរួមចំណែកដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ដើម្បីចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ទោះថវិកាត្រឹម១០ដុល្លារក្តី ប៉ុន្តែវាជាទឹកចិត្តចេញពីកុមារាឈ្មោះ ហ៊ូ ពេជ្រមង្គល អាយុ៧ឆ្នាំ និងកុមារីឈ្មោះ ហ៊ូ បទុមទេពី អាយុ៣ឆ្នាំ ដែលជាបងប្អូនបង្កើត ដែលពួកគាត់មានទឹកចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនទៅដល់កាកបាទក្រហមកម្ពុជា ជាការរួមចំណែកជួយទៅដល់ជនរងគ្រោះ នៅក្នុងប្រទេសកម្ពុជា។

ឪពុកម្ដាយរបស់កុមារាកុមារីខាងលើ បានថ្លែងថា កូនៗរបស់គាត់បើទោះបីជាមានថវិកាតិចតួច ដែលបានមកពីការសន្សំសំចៃពីអ្វីដែលពួកគាត់បានផ្ដល់ជូននោះ គឺពួកគាត់ពិតជាមានទឹកចិត្តជួយដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយទៅដល់ជនរងគ្រោះនៅទូទាំងប្រទេស៕